​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈជនសង្ស័យ​នេសាទ​ត្រី​ដោយ​ឧបករណ៍ ឆក់​ចំនួន​ពីរ​នាក់​ដែល​ឃាត់ខ្លួន​បាន​ជាមួយនឹង​វត្ថុតាង​ដោយ​កម្លាំង​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង ត្រូវបាន​ខណ្ឌ​រដ្ឋបាល ជលផល ព្រៃវែង​បញ្ជូនទៅ​តុលាការ​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា ធ្វើឱ្យ​ចំនួន​ជនសង្ស័យ​ពីបទ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ឆក់​កើន​ដល់​ចំនួន​បីនាក់ ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅក្នុង ខែវិច្ឆិកា​នេះ​។​

លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ព្រៃវែង បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២២​ថា ជនសង្ស័យ​ចំនួន​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ត្រី​ដោយ​ប្រើ​ឩ​បក​រណ៍​ឆក់​ដែល​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​អាវុធ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​នោះ បាន​បញ្ជូនទៅ​តុលាការ ហើយ​នៅ​ព្រឺ​ក​ថ្ងៃទី​២៨​ខែវិច្ឆិកា ។ ករណី​បញ្ជូន​ជនសង្ស័យ​ទៅ តុលាការ​យឺត​យ៉ាងនេះ​ដោយសារ​ចំ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​។​


ករណី​ជនសង្ស័យ​ចាប់​ត្រី​ដោយ​ឧបករណ៍​ឆក់​នេះ លោក អូន ស៊ី​ណាត បញ្ជាក់ថា នៅក្នុង​ខែវិច្ឆិកា​នេះ​មាន​ចំនួន​បីនាក់​ហើយ ដែល​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដូចជា​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​មាន​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កន្សោម​អក​ស្រុក​កំពង់ត្របែក​ជាមួយនឹង​វត្ថុតាង​គ្រប់គ្រាន់ និង នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ជនសង្ស័យ ចំនួន​ពីរ​នាក់​ផ្សេងទៀត​ពាក់​ពា័​ន្ធ​នឹង​ករណី​ចាប់​ត្រី​ដោយ​ឧបករណ៍​ឆក់​ឃាត់ខ្លួន​បាន​ដោយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រ​វែង​ក៏បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​រួច​ដែរ​ហើយ​។​


ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង កាលពី​ថ្ងៃទី​២៦​វិច្ឆិកា​បានទទួល​សំណុំរឿង​បទល្មើស​ជលផល​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​១​ករណី ពីបទ​នេសាទ​ដោយ​ឧបករណ៍​ឆក់​ដែល​រួមមាន​វត្ថុតាង​ដូចជា​អាំង​វែ​ទ័​រ​២​គ្រឿង អាគុយ​៤០​អំពែរ​ចំនួន​ពីរ​គ្រឿង​, ដង​ឆក់​បួន​ដើម​ភ្ជាប់​ខ្សែភ្លើង​ង​៨​ម៉ែត្រ ,​ទ្រុងត្រី​ពីរ​គ្រឿង​, ពិល​ពីរ​គ្រឿង​, ម៉ូតូ​មួយគ្រឿង​ជាមួយ​ជនសង្ស័យ​២​នាក់​ឈ្មោះ សុខ សាដន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​នៅ​ភូមិ​ជ្រៃ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង​និង​ឈ្មោះ លួត ពន្លឺ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ៕​សរន​.mara