ដោយៈសុផានីតា/កោះកុង៖អាជ្ញាធរស្រុកមណ្ឌលសីមាបាននឹងកំពុងរៀបចំកែលម្អលើកកម្ពស់សោភ័ណចំណុចគល់ស្ពានកោះកុងត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ខណៈដែលទីនោះនៅមិនទាន់មានភាពទាក់ទាញការចាប់អារម្មណ៍អ្នកទេសចរ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកានេះថា ការដំឡើងជាស្លាកសញ្ញា«ស្រុកមណ្ឌលសីមា សូមស្វាគមន៍» លាយឡំនឹងការធ្វើសួនច្បារដាំផ្កាស្រស់ៗនេះ ក្នុងគោលបំណងដើម្បីពញាក់អារម្មណ៍ដល់អ្នកទេសចរគ្រប់ទិសទីបានថា ពួកគាត់បានមកដល់មូលដ្ឋានស្រុកមណ្ឌលសីមាហើយ។

លោកអភិបាលស្រុកបន្ថែមថា ក្រោយដឹងថាបានមកដល់ទឹកដីស្រុកមណ្ឌលសីមា ពួកគាត់អាចថតរូបទុកជាអនុស្សាវរីយ៍បានផងដែរ គ្រាចំណុចគល់ស្ពានកោះកុងត្រើយខាងលិចនៅមិនទាន់រៀបចំបានស្អាតល្អគួរឱ្យទាក់ទាញខាងផ្នែកបរិស្ថាន និងការពារថែរក្សាសណ្តាប់ធ្នាប់សន្តិសុខ។ ពេលរាត្រី ក៏ដំឡើងភ្លើងពណ៌លើអក្សរ «ស្រុកមណ្ឌលសីមា សូមស្វាគមន៍»បន្ថែមឱ្យកាន់តែទាក់ទាញ។

ក្រៅពីរៀបចំកែលម្អបរិស្ថានសោភ័ណនៅគល់ស្ពានកោះកុងនេះហើយ រដ្ឋបាលស្រុក និងក្រុមការងារ បន្តដាំដុះផ្កាបន្ថែមទៀតនៅតាមគន្លងដើមឈើលើកំណាត់ផ្លូវជាតិលេខ៤៨ ចាក់ធ្វើផ្លូវចូលរមណីយដ្ឋានទីលានទាត់សីឃុនឆាងឃុនផែន និងជួសជុលអំពូលភ្លើងដែលដាច់ងងឹតលើផ្លូវជាតិលេខ៤៨រហូតដល់រមណីយដ្ឋានកោះយ៉។

ស្រុកមណ្ឌលសីមា ជាស្រុកមួយក្នុងចំណោមក្រុងស្រុកនៅក្នុងខេត្តកោះកុង ស្រុកមណ្ឌលសីមា ក៏មានសក្តានុពលខ្លាំងណាស់ដែលវិស័យទេសចរណ៍ សេដ្ឋកិច្ចពាណិជ្ជកម្ម បរិស្ថានធនធានធម្មជាតិ និងធនធានជលផល ដោយស្ទើរតែពលរដ្ឋ និងអ្នកទេសចរគ្រប់គ្នាបានដឹង និងស្គាល់។ ពលរដ្ឋ និងអ្នកទេសចរ អាចទៅលេងកម្សាន្តបានតាមរមណីយដ្ឋាន មានដូចជា៖រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង រមណីយដ្ឋានព្រៃកោងកាងពាមក្រសោប ទឹកធ្លាក់ទួលគគីរ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម វត្តសមុទ្ធារាមជំនឿបារមីលោកតាមឺក ចម្ការទុរេ និងសាម៉ៅ របស់ពលរដ្ឋជាដើម៕សរន