ដោយៈ ប.ខុន/ភ្នំពេញៈ ស្តង់ពិព័រណ៍ផលិតផលនិងម្ហូបអាហារដែលគេបានរៀបចំ ដើម្បីចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតដាច់គេលើលោកនៅខេត្តព្រះសីហនុពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែធ្នូ មានចំនួន៣៥០ស្តង់ ដែលក្នុងនេះចំនួន៣០០ស្តង់ជារបស់ក្រុមហ៊ុនឯកជន និង ៥០ស្តង់ជារបស់ស្ថាប័នរដ្ឋ។

លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ថាស្តង់ពិព័រណ៍ផលិតផលនិងម្ហូបអាហារដែល បាននឹងកំពុងរៀបចំដើម្បីចូលរួមក្នុងពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅក្រុងព្រះសីហនុ ដែលនឹងមកដល់នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២២មានចំនួន៣៥០ស្តង់ ក្នុងនេះចំនួន៣០០ ជាស្តង់របស់ក្រុមហ៊ុនឯកជននិងស្តង់របស់ស្ថាប័នរដ្ឋមានចំនួន៥០។

លោកនាយករដ្ឋបាលសាលាខេត្តបានបន្ថែមឱ្យដឹងទៀតថាពិធីបុណ្យសមុទ្រដែលរៀបចំធ្វើនៅទីលានតេជោចាប់ផ្តើមបើកជាផ្លូវការនៅល្ងាចថ្ងៃទី១០ខែធ្នូដោយមានការបាញ់កាំជ្រួច និង មានការសម្តែងសិល្បៈចម្រុះនៅថ្ងៃទី១១ខែធ្នូ ដែលជាថ្ងៃបិទបញ្ចប់បុណ្យសមុទ្រ ។ នៅក្នុងពេលជាមួយគ្នានឹងការប្រារព្ធពិធីបុណ្យសមុទ្រនេះក៏មានបើកមហាសន្និបាទក្លឹមឆ្នេរសមុទ្រដែលស្អាតដាច់គេ លើលោក ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ នៅខេត្តព្រះសីហនុនេះដែរ៕