រដ្ឋបាលខេត្ត​ស្វាយរៀង​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ០៩ កក្កដា ២០១៨ នៅ​បរិវេណ​វត្ត​បូ​ទុម​សុ​ផា​រាម

1098
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: នា​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​គណៈ​អធិបតីភាព ក្នុង​ពិធីបុណ្យ​រុក្ខទិវា ០៩ កក្កដា ២០១៨ នៅ​បរិវេណ​វត្ត​បូ​ទុម​សុ​ផា​រាម ហៅ​វត្ត​គយ​ត្របែក ស្ថិតនៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

​ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ទាំងបី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ ៥៥០​អង្គ​/​នាក់ ។​

​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ក្នុងឱកាស​នោះ លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​។ ជាមួយនេះ លោក​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ក្នុង​វិស័យ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ការគ្រប់គ្រង ការការពារ និង​អភិរក្ស​ព្រៃឈើ ប្រកបដោយ​ចីរភាព ។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​អត្ថប្រយោជន៍​របស់​ព្រៃឈើ និង​អំពាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ បន្ត​ស្មារតី​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ថែទាំ​ដើមឈើ​ដែល​បាន​ដាំ រួច​ឲ្យ​រស់រានមានជីវិត​លូតលាស់​បានល្អ និង​រួមគ្នា​បន្ត​ដាំ​កូនឈើ​នៅតាម​សហគមន៍ ទី​អារាម ភូមិដ្ឋាន​ឲ្យ​បាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ ការអភិរក្ស និង​ការពង្រីក​ធនធាន​ព្រៃឈើ សំដៅ​ធ្វើ​ឲ្យ​មូលដ្ឋាន​ភូមិ ឃុំ ក្នុង​ខេត្តស្វាយរៀង កាន់​តែមាន​ទេសភាព​បៃតង និង​រស់​រវើក​គ្រប់​រដូវ​កាល​។ ដោយឡែក​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង ត្រូវ​បន្ត​បណ្ដុះ​កូនឈើ ជាពិសេស​ដើមឈើ​ហូប​ផ្លែ និង​ដើមត្នោត ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ព្រមទាំង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​ទីតាំង​សមស្រប​ណាមួយ​បង្កើតជា​សួន​ដាំ​ឈើ​ក្នុង​ខេត្ត ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ ទុកជា​ប្រយោជន៍​សម្រាប់​យុវជន​ជំនាន់​ក្រោយ ។​

​នៅ​ចុងបញ្ចប់ គណៈអធិបតី ក៏បាន​ដាំ​ដើមឈើ​ជា​និមិត្តរូប និង​ចែក​កូនឈើ ជូន​អ្នកចូលរួម ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម