ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ កូរ៉េខាងត្បូងបានសំរេចការសាកល្បងស្ទាក់ចាប់មីស៊ីលដោយជោគជ័យ ដែលពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីលពីដីទៅអាកាសធុនL-SAM របស់ខ្លួន ។
ប្រព័ន្ធ L-SAM ដែលត្រូវបានអភិវឌ្ឍក្នុងស្រុកដោយទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍវិស័យការពារជាតិ (ADD) ត្រូវបានគ្រោងទុកជាប្រព័ន្ធការពារដែនអាកាស “កម្រិតខ្ពស់”ជាមួយនឹងសមត្ថភាពប្រឆាំងមីស៊ីលផ្លោង (ABM)។ របាយការណ៍នៃការសាកល្បងចុងក្រោយនេះបានកើតឡើងតិចជាងបីសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ២៣ គ្រាប់មិនធ្លាប់មានពីមុនមកដែលជាការបាញ់ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលតែមួយថ្ងៃ។
ការស្ទាក់ចាប់ដោយជោគជ័យដោយប្រព័ន្ធ L-SAM ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង ដោយស្រង់សម្តីមន្ត្រីយោធាដែលមិនបញ្ចេញឈ្មោះទោះបីជាមិនមានព័ត៌មានលម្អិតណាមួយត្រូវបានផ្តល់ឱ្យថាតើការបាញ់សាកល្បងកើតឡើងនៅពេលណា ឬបាញ់ចេញពីទីកន្លែងណា ឬ ប្រភេទគោលដៅអ្វីត្រូវបានបំផ្លាញក៏ដោយ។ ទោះយ៉ាងណារបាយការណ៍ដដែលនេះបញ្ជាក់ថា “មីស៊ីលគោលដៅ” (ច្រើនគ្រាប់) ត្រូវបានវាយប្រហារ ដោយបង្ហាញថា ការសាកល្បងជាច្រើនត្រូវបានធ្វើឡើង ឬប្រហែលជាមានសេណារីយ៉ូពហុគោលដៅមួយចំនួនពាក់ព័ន្ធ។
ប្រព័ន្ធ L-SAM ឬ មីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយឆ្ងាយ ត្រូវបានពណ៌នាដោយ ADD ថាជា “ប្រព័ន្ធអាវុធថ្មីដ៏ទំនើបដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍដើម្បីការពារប្រឆាំងនឹងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ/រយៈកម្ពស់ខ្ពស់ ដោយផ្តល់នូវពហុស្រទាប់មីស៊ីលការការពាររួមជាមួយមីស៊ីល Cheongung II ។ អាវុធចុងក្រោយនេះត្រូវបានគេស្គាល់ថា M-SAMឬមីស៊ីលចម្ងាយមធ្យមបាញ់ពីដីទៅអាកាស ដែលត្រូវបានដាក់ពង្រាយរួចហើយ និងត្រូវបានកែឱ្យប្រសើរឡើងដើម្បីបំផ្លាញមីស៊ីលផ្លោងកម្រិតទាប។
ប្រព័ន្ធ L-SAM និង M-SAM គឺមានបំណងបង្កើតជាផ្នែកនៃខែលការពារដែនអាកាសច្រើនស្រទាប់របស់កូរ៉េខាងត្បូង ដែលគេស្គាល់ថា Korea Air and Missile Defense (KAMD)។ ប្រព័ន្ធដែលមានសមត្ថភាព ABM ផ្សេងទៀតក៏អាចរកបានសម្រាប់កូរ៉េខាងត្បូងផងដែរ ពោលគឺមីស៊ីល Patriot PAC-3 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិក។
ប្រព័ន្ធ L-SAM អាចទប់ទល់នឹងការគំរាមកំហែងពីលើអាកាសផ្សេងៗគ្នា ដោយសារប្រភេទមីស៊ីលពីរផ្សេងគ្នា ដែលមួយគឺសម្រាប់វាយប្រហារយន្តហោះ និងការគំរាមតាមអាកាសផ្សេងទៀត និង មួយទៀតគឺដើម្បីកម្ចាត់មីស៊ីលផ្លោង៕
ប្រព័ន្ធ L-SAM របស់កូរ៉េខាងត្បូងសាកល្បងដោយជោគជ័យ