ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​បាន​បញ្ជាក់ថា រយៈពេល ៣៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ដល់​ត្រឹម​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៤៩៨.៣០០ នាក់​។ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ២១៧.០៨៨ នាក់​។ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន ៥១.៥២២ នាក់​។ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ១៤៣.៧១២ នាក់​។​

​គ​.​ជ​.​ប បន្តថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ សម្រាប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ១១.៦៥៨ នាក់​។ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៤.៤២៩ នាក់​។ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន ២.២៨១ នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៤.១០៥ នាក់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ជាមួយគ្នានេះ គ​.​ជ​.​ប សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ និង​ស្នើសុំ​កែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ ប្រសិនបើ​កត់ត្រា​មិនបាន​ត្រឹមត្រូវ​។​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ គឺ​អ្នក​ដែល​កើតមុន ឬ​ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០០៥ ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក និង​ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់ លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​៕​