ដោយ៖បូព៌ព្រឹក្ស,ម៉េងឆៃ/ភ្នំពេញ៖ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គប្ដេជ្ញាចិត្តថែមទៀតដើម្បីការពារទន្លេមេគង្គ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការនេះបានបញ្ជាក់ថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ(MRC)នឹងធ្វើសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការការពារទន្លេមេគង្គ ។

កាលពីសប្ដាហ៍មុនស្ថាប័នគ្រប់គ្រងនៃគណៈកម្មការទន្លេមេគង្គ បានអនុម័តគំនិតផ្តួចផ្តើមសំខាន់ៗចំនួនពីរក្នុងគោលបំណងសម្របសម្រួល និងកែលម្អកិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងតំបន់ ដើម្បីត្រួតពិនិត្យ និងការពារសុខភាពផ្លូវទឹកដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។ ការផ្ដួចផ្ដើមទាំងនោះត្រូវបានរៀបចំឡើងនៅក្នុងកិច្ចប្រជុំលើកទី២៩ របស់ក្រុមប្រឹក្សា MRC តំណាងប្រទេសសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដែលអនុម័តលើបណ្តាញត្រួតពិនិត្យទន្លេស្នូលដែលបានរចនាឡើងវិញ ដែលមុខងារសំខាន់គឺគាំទ្រដល់រដ្ឋាភិបាលទាំងបួន។
តំណាងប្រទេសទាំងនេះបានប្រមូលទិន្នន័យវិទ្យាសាស្រ្ត និងតាមដានបញ្ហាសំខាន់ៗដូចជា៖ ជលសាស្ត្រ គុណភាពទឹក ការបញ្ចេញទឹក ដីល្បាប់ ជលផល និងសុខភាពអេកូឡូស៊ី។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គបានស្រង់សម្ដីរបស់ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២២ គឺលោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់វៀតណាម បានលើកឡើងពីសារៈសំខាន់របស់ផែនការគ្រងគ្រងធនធានទឹក(MWP) ។
លោក Tran Hong Ha បាននិយាយថា៖ «វានឹងចាប់ផ្តើមដំណាក់កាលសំខាន់ទីពីរនៃផែនការយុទ្ធសាស្ត្រ។ ជាងនេះទៅទៀត វាជាធាតុផ្សំសំខាន់នៃ កិច្ចខិតខំប្រឹងប្រែង និងការតស៊ូរបស់ប្រទេសសមាជិក ដើម្បីធ្វើការឆ្ពោះទៅកាន់អាងទន្លេមេគង្គប្រកបដោយនិរន្តរភាព និងមានសុខភាពល្អ»។
នៅក្នុងផែនការគ្រងគ្រងធនធានទឹក(MWP) សម្រាប់ឆ្នាំ២០២២ មានកិច្ចការចំនួន ១៥៨ ត្រូវបានដាក់ចេញដែលក្នុងនោះមានតែចំនួន១២៣ត្រូវបានបញ្ចប់នៅខែតុលាកន្លងមកនេះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គដែលស្រង់សំដីរបស់នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោក Anoulak Kittikhoun មកបញ្ជាក់បន្ថែម។សរន​ / N

(រូបថត គណៈកម្មការទន្លេមេគង្គ)