ដោយៈសុផល ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ជាមួយនិងមន្ទីរពេទ្យព្រះអង្គឌួង និង សមាគមអតីត កម្មសិក្សាការី កម្ពុជា-កូរ៉េ (កាំកា-CAMKAA) បានរៀបចំ “សកម្មភាពសង្គម” នៅសហគមន៍ហ្រ្គីនបឺអែល នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្មវិធីនេះត្រូវបានចូលរួមដោយ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំការិយាល័យ ប្រទេស កម្ពុជាលោក អ៊ឹម សួរ ប្រធានសមាគម អតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (CAMKAA) លោក នង ម៉ានិត អនុប្រធានមន្ទីរ ពេទ្យព្រះអង្គឌួង លោក មូន ក្យុងមីន (Mr. Moon Kyoungmin)ប្រធានក្រុម សុខសប្បាយរបស់អ្នកស្ម័គ្រចិត្តកូរ៉េ កយកា និង លោក ហ្វាង គ្យូឆុល (Mr. Hwang Kyucheol) ប្រធានសហគមន៍ហ្គ្រីន បឺអែល ក្រុមអ្នកស្ម័គ្រចិត្ត KOICAចំនួន២៥នាក់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា មកពីមន្ទីរពេទ្យព្រះអង្គឌួងចំនួន ១៦នាក់សហគមន៍ហ្គ្រីន បឺអែល សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ ក្នុងសកម្មភាពសង្គមនេះ។

សកម្មភាពសង្គមនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលមូលដ្ឋាន សាលារាជធានីភ្នំពេញ(PPCH) និងអង្គការ ក្រៅរដ្ឋាភិបាលកូរ៉េ និងសហគមន៍ហ្គ្រីនបឺអែល ។

នៅក្នុងកម្មវិធីនោះផងដែរ ក្រុមអ្នកស្ម័គ្រចិត្ត កយកា ក្រុមសុខសប្បាយ (Soksabay) និងសមាជិក CAMKAA របស់យើងនឹងធ្វើសកម្មភាពរួមគ្នាដូចជា ផ្តល់អំណោយ មួយចំនួន ការគូរគំនូរលើមុខសម្រាប់កុមារ ថតរូបបានភ្លាមៗ លេងជាមួយពពុះសាប៊ូ ជួសជុលអណ្តូងស្នប់ និងគូរគំនូរលើ ជញ្ជាំង ការប្រកួតកីឡា ការលេងហ្គេមពេញនិយម ការផ្តល់ សម្ភារសិក្សា ថង់អេកូ និងអាហារសម្រន់ និងការផ្តល់ ការអប់រំអំពីអនាម័យបរិស្ថាន និងការផ្តល់ប្រអប់ អាហារថ្ងៃត្រង់ ដល់សិស្ស។

លើសពីនេះ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា មកពី មន្ទីរពេទ្យ ព្រះអង្គឌួង បានផ្តល់ផ្តល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាលនូវជំងឺភ្នែក ជំងឺត្រចៀកច្រមុះបំពង់ក និងជំងឺទូទៅ ដល់អ្នកជំងឺប្រមាណជាង ១០០នាក់ដែលមានជំងឺ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក (ENT) និងជំងឺទូទៅ នៅក្នុងសហគមន៍ហ្គ្រីនបឺអេលនេះ។

ថ្លែងក្នុងឱកាសនោះ លោក នង ម៉ានិត បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការជាមួយ KOICA លើសកម្មភាពសង្គម។ លោកសង្ឃឹមរង់ចាំថានឹងមានការសហការជាមួយ កយកា ជាលើកទី ២ និងទី ៣ ទៀតក្នុងការធ្វើ “សកម្មភាពសង្គម” បែបនេះនាពេលអនាគត។

ចំណែក លោក នោ ហ្យន់ជូន (Rho Hyun-Jun) លោកបាន ថ្លែងថា គំនិតផ្តួចផ្តើមនេះគឺជាភាពជាដៃគូ និងកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំរវាងការិយាល័យកយកា មន្ទីរពេទ្យព្រះអង្គ ឌួង កាំកា-CAMKAA និងសហគមន៍ហ្រ្គីនបឺអែល ។

បន្ថែមពីលើនេះ លោកបានមានប្រសាសន៍ថា “កយកា-KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានសោភ័ណភាព និងកន្លែងរស់នៅកាន់តែប្រសើរឡើង”៕សរន / N