ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កីឡាប្រណាំងទោចក្រយានកម្ពុជាបានបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ ដោយជោគជ័យ ដែលកម្មវិធីប្រកួត បានដំណើរអស់ការរយៈពេល ៥ថ្ងៃ មកនោះ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធទោចក្រយានកម្ពុជាបានឲ្យដឹងថាក្រោយបញ្ចប់ការប្រកួតសហព័ន្ធបានរកឃើញជើងឯកទាំង៧វិញ្ញាសាសហព័ន្ធបានធ្វើការសន្និដ្ឋានបាននូវចំណុចខ្លាំងនិងចំណុចខ្សោយដូចខាងក្រោម៖
ទី១- ចំណុចខ្លាំង៖ ក្រុមការងាររៀបចំ បានសហការគ្នាគ្រប់អនុគណៈកម្មការទាំងអស់ ព្រមទាំងកងកម្លាំងសមត្ថកិច្ចនិងក្រុមការងារសង្គ្រោះដើម្បីធ្វើឲ្យការងារនិងការប្រកួតមានភាពរលូន និងសុខសុវត្ថិភាព។ កីឡាករ និងគណៈកម្មការទូទៅទាំងអស់ គោរពនូវវិន័យ និងមានការប្រាស្រ័យទាក់ទងគ្នាល្អប្រសើរ។ ដំណើរនៃការរៀបចំ មានភាពស៊ីសង្វាក់គ្នា ដែលបង្ហាញអំពីជំនាញច្បាស់លាស់ នៃក្រុមការងារនីមួយៗ។

២-ចំណុចខ្សោយ៖ក្រុមកីឡាករចូលរួមប្រកួតមានចំនួនតិចដែលមានការលំបាកក្នុង
ការរៀបចំឲ្យបានតាមស្តង់ដារបច្ចេកទេស។ វិញ្ញាសាប្រកួត មានចំនួនតិចបើធៀបនឹងវិញ្ញាសា ដែលសហព័ន្ធបានត្រៀមរៀបចំ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។
ការប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២២នេះជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករទាំងអស់ដែលបានចូលរួមជាពិសេសជាការវាស់ស្ទង់ពីសមត្ថភាពរបស់ក្រុមគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕សរន