ដោយៈ មេសា/ភ្នំពេញៈ ផ្ទះថ្មី មួយខ្នង របស់មូលនិធិជនពិការ ធ្វើអំពីថ្ម ប្រក់ស័ង្កសី ទំហំ ៤ គុណ៦ ម៉ែត្រ ត្រូវបានប្រគល់ជូនជនពិការក្រីក្រម្នាក់ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ ដែលពិធីប្រគល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងឱ្យលោក រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ។

លោក យង់ ឡេង ប្រធានសាខាមូលនិធិជនពិការខេត្តកែប បានឱ្យដឹងថា ជនពិការរូបនេះ ឈ្មោះ នន់ លីន ភេទស្រី ជាជនពិការជើងឆ្វេង រងពិការភាពដោយសារមីន បច្ចុប្បន្នជាអ្នកស៊ីឈ្មួលលាងចានឱ្យគេ បានប្រាក់បន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតជាមួយម្តាយចាស់ជរា ។
លោក ហ៊ុត ពន្លឺ សមាជិកក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ ដែលកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះ បានជួយរំលែកទុក្ខលំបាករបស់ជនពិការក្រីក្រី ហើយលោកបានផ្តាំផ្ញើដល់គ្រួសារជនពិការ សូមថែទាំផ្ទះនេះ ឱ្យបាននៅគង់វង្សយូរអង្វែង និង ថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺនានា និងព្យាយាមកែច្នៃបង្កើនមុខរបរឱ្យកាន់តែប្រសើរឡើង ។

សូមជម្រាបថា ផ្ទះដែលបានសាងសង់ និង ប្រគល់ជូនជនពិការក្រីក្រីនៅពេលនេះ គឺជាការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស តាមរយៈហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ និងថវិការបស់រាជរដ្ឋាភិបាល សំដៅដល់ការចូលរួមជួយដល់ជនពិការដែលជួបទុក្ខលំបាក ។

ជនពិការម្ចាស់ផ្ទះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈមូលនិធិជនពិការ ដែលបានផ្តល់ផ្ទះ១ខ្នងនេះដល់គាត់ ហើយថា ការផ្តល់ផ្ទះ ១ ខ្នង ជូនគ្រួសារលោកស្រីនាពេលនេះ ពិតជាមិនអាចកាត់ថ្លៃបានទេ ។
មូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកា អង្ករ និង គ្រឿងឧបភោគ បរិភោគមួយចំនួនផង ៕សរន


– ចំណងជើងរូបៈ ពិធីប្រគល់ និង ទទួលផ្ទះ ១ ខ្នង របស់មូលនិធិជនពិការ ជូនជនពិការឈ្មោះ នន់ លីន នៅខេត្តកែប ( ប្រគល់ ១, ប្រគល់ ២, ប្រគល់ ៣ , ប្រគល់ ៤)
– រូបៈ មូលនិធិជនពិការ