​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ អវកាសយានិក​ចិន លោក ហ្វី ជុន​ឡុង (Fei Junlong) លោក តេង ឈីង​មីង (Deng Qingming) និង លោក ចាង លូ (Zhang Lu)​នឹង​បំពេញ​​បេសកកម្ម​ហោះហើរ​អវកាស​របស់​យាន Shenzhou-15​នៅ​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​នេះ ហើយ​លោក​ហ្វី​នឹង​ក្លាយ​ជា​មេបញ្ជាការ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​អវកាស​ចិន​(CMSA)​បាន​ប្រកាស​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៨​វិច្ឆិកា​។​

​លោក​ហ្វី​ធ្លាប់បាន​ចូលរួម​ក្នុង​បេសកកម្ម​ហោះហើរ​អវកាស​របស់​យាន Shenzhou-6 ហើយ​ទាំង​លោក​តេង​និង​លោក​ចាង​គឺជា​អ្នក​ចំណូល​ថ្មី​ទៅ​កាន់​ទី​អវកាស នេះ​បើ​យោង​តាម​លោក ជី ឈី​មីង (Ji Qiming) ជំនួយការ​នាយក​របស់ CMSA ។​

​លោក​ជី​បាន​និយាយថា វា​គឺជា​បេសកកម្ម​ហោះហើរ​លើក​ទី​ប្រាំមួយ​នៃ​កម្មវិធី​យានអវកាស​ដែលមាន​មនុស្ស​បើក​របស់​ចិន​ក្នុងឆ្នាំនេះ​និង​ជា​ការហោះហើរ​ចុងក្រោយ​នៃ​ដំណាក់កាល​សាងសង់​ស្ថានីយ​អ​វ​​កាស​របស់​ចិន​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង​គន្លង​របស់​ពួកគេ អវកាសយានិក​របស់​យាន Shenzhou-15 នឹង​ប្តូរ​វេន​ជាមួយ​អវកាសយានិក​បី​នាក់​របស់​យាន Shenzhou-14 នៅក្នុង​គន្លង​និង​ធ្វើ​ជា​សាក្សី​ការ​​មក​ដល់​នៃ​យាន​ដឹកទំនិញ Tianzhou-6 និង​យានអវកាស Shenzhou-16 ។ ពួកគេ​ក៏​នឹង​មាន​ការប្រគល់​ការងារ​ជាមួយ​អវកាសយានិក​របស់​យាន Shenzhou-16​នៅក្នុង​គន្លង​តារាវិថី​ផង​​ដែរ​។​

​លោក​បាន​បន្ថែមថា អ្នក​ទាំង​បី​នឹង​ស្ថិតនៅ​ក្នុង​គន្លង​គោចរ​រយៈពេល​ប្រាំ​មួយខែ ហើយ​ត្រឡប់​មក​ផែនដី​វិញ​ក្នុង​ខែឧសភា​ឆ្នាំ​ក្រោយ​តាម​ផែនការ​។​

​ក្នុងអំឡុង​បេសកកម្ម​នេះ អវកាសយានិក​របស់​យាន Shenzhou-15​នឹង​អនុវត្ត​ការផ្ទៀងផ្ទាត់​ការ​ស្នាក់​នៅ​រយៈពេល​វែង​នៅក្នុង​ស្ថានីយ​អវកាស​របស់​ចិន​តាម​ការកំណត់​រចនា​សម្ពន្ធ​យាន​ទាំង​បី​របស់​​ខ្លួន​។ ពួកគេ​ក៏​នឹង​ដោះ​សោ ដំឡើង និង​សាកល្បង​ទូ​ពិសោធន៍​វិទ្យាសាស្ត្រ​ចំនួន ១៥ ហើយ​អនុវត្ត​ការពិសោធ​និង​ការ​ធ្វើតេស្តិ៍​ជាង ៤០ នៅក្នុង​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អវកាស និង​ការអនុវត្ត​ផ្ទាល់ វេ​ជ្ជ​​សាស្ត្រ​អវកាស និង​បច្ចេកវិជ្ជា​អវកាស​៕

​អវកាសយានិក​ចិន លោក ហ្វី ជុន​ឡុង (​ឆ្វេង​) លោក តេង ឈីង​មីង (​កណ្តាល​) និង លោក ចាង លូ