ដោយ:សុផល/ភ្នំពេញ៖ កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិដែលមកចូលរួម«សន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួន នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ខ្លួន និងផ្សព្វផ្សាយទៅកាន់ពិភពលោកនាព្រឹត្តិការណ៍ដ៏ធំនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោកនិងពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ខែធ្នូអមជាមួយពិធីបុណ្យសមុទ្រនៅ
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។

នៅក្នុងអង្គប្រជុំត្រៀមការងារទាំងនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជំរុញក្រុមការងារបច្ចេកទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។

លោកបានបន្តថា ប្រតិភូដែលបានបញ្ជាក់ថានឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។

lokរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់សារសំខាន់ថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញនិងទទួលភ្ញៀវទេសចរបានច្រើន»។

lok ថោង ខុន បានឱ្យដឹងទៀតថា កាលណាកម្ពុជារៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោកគឺមានសមាជិក មានប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរបានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

លោក ថោង ខុន និងលោកអភិបាលខេត្ត គួច ចំរើន លើការរៀបចំបណ្ដាញទស្សនកិច្ច ពេលវេលា មធ្យោបាយ ការការរពារសន្តិសុខ ស្បៀងអាហារ ខ្លឹមសារឧទ្ទេសនាម ក៏ដូចជាការបញ្ជ្រាបខ្លឹមសារផ្សព្វផ្សាយបន្ថែមជូនប្រតិភូអន្តរជាតិទាំងនោះផងដែរ។

គួរជម្រាបថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រនឹងបង្ហាញពីសមត្ថភាពខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមក ទាំងការគ្រប់គ្រងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសមិទ្ធផលនិងហេដ្ឋារចនាសម្ពន្ធក្នុងមូលដ្ឋាន៕សរន/PC