ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអុ គីស៊ីដា បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកអោយបង្កើនចំណាយយោធាដល់២ភាគរយនៃផលិតផលសរុបក្នុងស្រុក(GDP)នៅយ៉ាងយូរត្រឹមឆ្នាំ២០២៧ទៅ ដោយកើនពីចំនួនប្រមាណ១ភាគរយដែលជប៉ុនបានអនុវត្តយូរឆ្នាំមកហើយ។
លោកគីស៊ីដាបានប្រកាសផែនការនេះទៅកាន់រដ្ឋមន្ត្រីការពារជាតិនិងហិរញ្ញវត្ថុរបស់លោកកាលពីយប់ថ្ងៃចន្ទ ពេលជប៉ុនពិនិត្យមើលឡើងវិញយុទ្ធសាស្ត្រការពារជាតិនិងសន្តិសុខរបស់ខ្លួន ដើម្បីដោះស្រាយការគំរាមកាន់តែកើនឡើងពីកូរ៉េខាងជើងនិងចិន ព្រមទាំងទិដ្ឋភាពភូមិសាស្រនយោបាយផ្លាស់ប្តូរយ៉ាលឿនបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
កាលពីខែសីហា ក្រសួងការពារជាតិបានស្នើសុំថវិកា៤០ពាន់លានដុល្លារ តែសំណើនេះមិនទាន់ត្រូវបានអនុម័តទេមុនរដ្ឋាភិបាលបញ្ចប់ការពិភាក្សាលើគោលនយោបាយការពារជាតិ។
រដ្ឋមន្ត្រីការពារជាតិ លោកយ៉ាស៊ូកាហ្ស៊ុយ ហាម៉ាដា( Yasukazu Hamada )បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីពិភាក្សាជាមួយលោកគីស៊ីដាថា «យើងនឹងចាត់វិធានការថវិកាដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិនិងចំណាយផ្សេងៗអោយដល់២ភាគរយនៃGDPនៅត្រឹមឆ្នាំ២០២៧»។
សូមបញ្ជាក់ថា ថវិកាការពារជាតិជប៉ុនត្រូវបានកំណត់ទុកប្រមាណ១ភាគរយនៃGDPឬក្រោមនេះអស់ពេលមួយទសវត្សរ៍មកហើយ តែគណបក្សប្រជាធិបតេយ្យសេរីរបស់លោកគីស៊ីដា បានផ្តល់សញ្ញាអំពីផែនការដំឡើងតួលេខនេះអោយកៀកនឹងស្តង់ដាណាតូគឺ២ភាគរយ។
សម្ពាធកាន់តែខ្លាំងឡើងពីចិន រួមមានសមយុទ្ធយោធានិងវត្តមាននាវានៅជុំវិញកោះមានជម្លោះជាមួយជប៉ុន ព្រមទាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងជួយអោយមានការជំរុញលើការចំណាយយោធានៅជប៉ុន។ការបាញ់កាំជ្រួចបន្តបន្ទាប់ដោយកូរ៉េខាងជើង រួមមានកាំជ្រួចខ្លះហោះរំលងជប៉ុនផង ក៏កាន់តែជួយសំរួចទស្សនៈនេះ ទោះជាជប៉ុនមានរដ្ឋធម្មនុញ្ញសន្តិភាពនិយម ដែលកំហិតសមត្ថភាពយោធារបស់ខ្លួនមកនៅត្រឹមវិធានការការពារខ្លួនក្តី៕
រដ្ឋមន្ត្រីការពារជាតិ លោកយ៉ាស៊ូកាហ្ស៊ុយ ហាម៉ាដា បានពិភាក្សាបញ្ហាបង្កើនចំណាយយោធាជាមួយនាយករដ្ឋមន្ត្រី គីស៊ីដា
ជប៉ុនបានបង្កើនសមយុទ្ធយោធារួមគ្នានៅប៉ុន្មានខែចុងក្រោយនេះក្នុងការឆ្លើយតបនឹងការគំរាមសន្តិសុខក្នុងតំបន់កាន់តែកើនឡើង