ដោយ: ពៅនិមល / ភ្នំពេញ៖ នៅទីស្តីការក្រសួងក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលមានវត្តមានចូលរួម ពីក្រុមការងារចរចាអន្តរក្រសួង – ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

នៅក្នុងអង្គប្រជុំនេះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារចរចាអន្តរក្រសួង ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចា ដែលបានខិតខំប្រឹងប្រែង ក្នុងការចរចាជុំទី១ នៃកិច្ចព្រមព្រៀង CAM-UAE CEPA កាលពីថ្ងៃទី២៤-២៦ ខែតុលាកន្លងទៅ នៅអេមីរ៉ាតអារ៉ាប់រួម ជាមួយនឹងលទ្ធផលជាផ្លែផ្កា និងវឌ្ឍនភាពវិជ្ជមាន គួរឱ្យកត់សម្គាល់។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ កិច្ចប្រជុំ ក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការចរចាជំពូកនីមួយៗ រួមមាន ពាណិជ្ជកម្មទំនិញ និងសេវាកម្ម វិនិយោគ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូច និងមធ្យម ។ល។ ដើម្បីអាចទាញប្រយោជន៍សេដ្ឋកិច្ច ជាអតិបរមាពីកិច្ចព្រមព្រៀង CAM-UAE CEPA ក្នុងបុព្វហេតុអភិវឌ្ឍន៍ និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ជូនក្រុមការងារចរចា​ ឱ្យបន្តខិតខំ ចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ដោយប្រកាន់ខ្ជាប់ នូវស្មារតីបុរេសកម្ម ម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវ កិច្ចព្រមព្រៀងនេះ តាមការគ្រោងទុក សំដៅបម្រើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។

គួរបញ្ជាក់ថា ការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA នឹងគ្រោងប្រព្រឹត្តទៅ ក្នុងអំឡុងខែធ្នូ នៅកម្ពុជា នាពេលខាងមុខ៕ V / N

រូបភាព៖ ( ក្រសួងពាណិជ្ជកម្ម )