ដោយៈ ភ្នំខៀវ / បាត់ដំបងៈ សមត្ថកិច្ចនាំខ្លួនបុរស ចំនួន ១២ នាក់ ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រោយបញ្ចប់ការសាកសួរ ពីបទបំពានច្បាប់ ប្រមូលផ្តុំគ្នាលេងល្បែង ជល់មាន់ក្នុងក្រុង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ឲ្យដឹងថាៈ ករណីប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងភ្នាល់មាន់ជល់ដែលសមត្ថកិច្ច ចម្រុះ បង្ក្រាបបានកាលពីពេលថ្មីៗ កន្លងមកនេះ ក្រោយបញ្ចប់ការសាកសួរជនបង្ក ក៏ដូចជា វត្ថុតាង ត្រូវបាននគរបាលការិយាជំនាញ រៀបចំនិងនាំខ្លួន បញ្ជូនទៅអនុវត្ត តាមនីតិវិធី តុលាការ នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
ជនបង្កដែលពាក់ព័ន្ធសរុបចំនួន ១២ នាក់ ទាំងអស់គ្នា មានទីលំនៅ ក្នុងសង្កាត់ក្តុលដូនទាវ និងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ជាមួយវត្ថុតាងល្មើស ជាច្រើនទៀត។
ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ បង្ក្រាបទប់ស្កាត់ នៅកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី៩ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕ V / N