​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ យប់​នេះ​គឺជា​ការ​កាត់សេចក្តី​វគ្គ​ចែក​ពូ​លវើ​លខាប់ ដែល​ក្នុងនោះ​អេក្វាឌ័រ​និង​ហូឡង់​រំពឹង​ឈ្នះ​ខ្ពស់​ជាង​គេ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​ក្នុង​ពូ​ល A​ចំណែក​អ៊ីរ៉ង់​រំពឹង​​ទម្លាក់​សហរដ្ឋ​អាម៉េរិក​ប្រសិនបើ​ឈ្នះ ឬ​ស្មើ លុះត្រា​អង់គ្លេស​ឈ្នះ​វែល​ក្នុងពូល B​។​

– អេក្វាឌ័រ vs សេណេ​ហ្គាល់ (​ពូ​ល A)

* សេណេ​ហ្គាល់​មិន​ដែល​ឈ្នះ​ក្រុម​អាម៉េរិក​ខាងត្បូង​ទេ​នៅវើ​លខាប់​។​
* ពួកគេ​បាន​ឈ្នះ​ការប្រកួត​តែ​២​ដង​គត់​ក្នុង​ការប្រកួត​វើល​ខា​ប់​។​
* អេក្វាឌ័រ​ឱ្យ​គេ​ស៊ុតចំ​គោលដៅ​តែ​១​ជើង​គត់​ក្នុង​ការប្រកួត​បើកឆាក​២​លើ​ក​របស់​ពួកគេ​។​
* Enner Valencia បាន​ស៊ុត​បញ្ចូល​ទី ៦ គ្រាប់​ចុងក្រោយ​ឱ្យ​អេក្វាឌ័រ​នៅ​វើល​ខា​ប់​។​

​ជាមួយ​នឹង​ជ័យជម្នះ ៣-១ របស់​ពួកគេ​លើ​កាតា សេណេ​ហ្គាល់​បាន​រក្សា​ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ វា​ជា​ការប្រកួត​ដ៏​លំបាក​សម្រាប់​ពួកគេ បន្ទាប់​ពី​បាត់បង់​កីឡាករ Sadio Mane ដោយសារ​របួស ប៉ុន្តែ​ការទទួល​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​កាតា​បាន​ធ្វើឱ្យ​ពួកគេ​ត្រូវ​អ៊ុត​មើល​ជោគវាសនា​របស់​ពួកគេ​ពេល​លេង​ទល់​នឹង​អេក្វាឌ័រ​។​

​ក្រុម​មក​ពី​អាម៉េរិក​ខាងត្បូង​នេះ​មាន​៤​ពិន្ទុ​ពី​ការប្រកួត​២​លើកដំបូង​របស់​ពួកគេ ហើយ​ពួកគេ​ស្ថិត​ក្នុង​តំណែង​ល្អ​ដើម្បី​កក់​កៅអី​នៅ​ជុំ​បន្ទាប់​។ ពួកគេ​ប៊ិះ​តែ​ខិត​ទៅជិត​វគ្គ​បន្ទាប់​រួចទៅហើយ បន្ទាប់​ពី​លេង​គ្រប​សង្កត់​លើ​ហូឡង់​នៅ​ប្រកួ​តទី​២​។ ពួកគេ​ចុងក្រោយ​បាន​ត្រឹម​ស្មើ ១-១ ប៉ុន្តែ​លទ្ធផល​នេះ​នឹង​ផ្តល់នូវ​ការលើកទឹកចិត្ត​ច្រើន​នៅ​ប្រកួត​ទី​បី​។​

​ម្ចាស់​ជើងឯក​អាហ្វ្រិក​មិន​គ្រាន់តែ​គ្មាន​កីឡាករ​ល្អ​បំផុត​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​កំពុង​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ស្ទើរ​មិន​ធ្លាប់​មាន​ក្នុងនាម​ជា​ប្រទេស​មួយ​ផង​ដែរ​។ ពួកគេ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៃ​វើល​ខាប់​តែម្តង​ប៉ុណ្ណោះ ខណៈ​ពួកគេ​មិន​ដែល​ឈ្នះ​ក្រុម​មក​ពី​អាម៉េរិក​ខាងត្បូង​ក្នុងវើ​លខាប់​នោះឡើយ​។ ពីរ​ប្រកួត​ចុងក្រោយ​របស់​សេណេ​ហ្គាល់​ជាមួយ​ក្រុម​មក​ពី​អាម៉េរិកខា​ង​ត្បូង​គឺ ៣-៣ ជាមួយ​អ៊ុយ​រូ​ហ្គាយ​ក្នុង​ឆ្នាំ ២០០២ និង​ចាញ់​កូឡុំប៊ី ១-០ ក្នុង​ឆ្នាំ ២០១៨​។​

​សេណេ​ហ្គាល់​ក៏​មិនសូវ​លេង​បាល់​គ្របសង្កត់​លើ​គូប្រកួត​នៅវើ​លខាប់​នោះដែរ​។ លេង​ទល់នឹង​កាតា ក្រុម​តោ​កំណាច​អាហ្វ្រិក​រីករាយ​នឹង​ការ​គ្រប​សង្កត់​លើ​គូ​ប្រជែង​របស់​ពួកគេ​សម្រាប់​តែ​លើក​ទី​ពីរ​មិន​ធ្លាប់​មាន​នៅក្នុង​ការប្រកួត​វើល​ខាប់​ប៉ុណ្ណោះ (៥៤,៧%) ។ ពួកគេ​ក៏​បាន​ប៉ះ​សេ​បាល់​ចំនួន ៤៣២ ដង​នៅ​ក្នុង​ការប្រកួត​ទី​ពីរ​របស់​ពួកគេ​ផងដែរ គឺ ១២៥ ដង​ច្រើនជាង​ពួកគេ​ប៉ះ​សេ​នៅក្នុង​ការប្រកួត​ផ្សេងទៀត​នៅ​វើល​ខា​ប់​។​

​ពិតណាស់ ពួកគេ​បាន​លេង​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ខ្សោយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​វើល​ខា​ប់​។ ការ​ប៉ះគ្នា​ជាមួយ​អេក្វាឌ័រ​នឹង​ក្លាយ​ជា​ការសាកល្បង​ខុសប្លែក​ពី​មុន​ទាំងស្រុង​។

​អេក្វាឌ័រ​បាន​ប្រឈម​មុខ​នឹង​ការស៊ុត​ត្រឹមតែ ៧ ជើង​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​វគ្គ​ចែក​ពូ​លវើ​លខាប់​ចំនួន​២​លើ​ក​របស់​ពួកគេ​មកទល់ពេលនេះ ដោយ​ការ​ស៊ុត​១​ជើង​ដំបូង​របស់​កីឡាករ Cody Gakpo នៅក្នុង​ការប្រកួត​ទី​ពីរ​របស់​ពួកគេ​គឺជា​ការ​ស៊ុត​ចំ​គោលដៅ​១​ជើង​គត់​មក​លើ​ពួកគេ ហើយក៏​ជា​ការ​ស៊ុត​ចូល​ទី​ផងដែរ​។ អេក្វាឌ័រ​គឺជា​ក្រុម​ដែល​មាន​ការរៀបចំ​យ៉ាង​ច្បាស់លាស់ ដែល​កម្រ​ឱ្យ​គូប្រជែង​ស៊ុត​ចំ​គោលដៅ​ងាយៗ​នោះឡើយ​។​

​ពួកគេ​មាន​តំបន់​ការពារ​ដ៏​រឹងមាំ ហើយ​មាន​កំពូល​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ផងដែរ​។ កីឡាករ Enner Valencia បាន​ស៊ុត​បញ្ចូល​ទី ៦ គ្រាប់​ចុង​ក្រោយ​សម្រាប់​អេក្វាឌ័រ​ក្នុង​ការប្រកួត​វើល​ខាប់​។ ថ្ងៃនេះ​រំពឹង​រូប​គេ​នឹង​ស៊ុត​បញ្ចូល​ទី​របស់​សេណេ​ហ្គាល់​។​

​លទ្ធផល​ទស្សនទាយ អេក្វាឌ័រ​ឈ្នះ ១-០​។​

– ហូ​ឡង់ vs កាតា (​ពូ​ល A)

* ហូឡង់​បាន​ស៊ុ​តចូល ១១ គ្រាប់​ក្នុងវើ​លខាប់​៤​លើក​ជាមួយ​ក្រុម​អាស៊ី​។​
* កាតា​បាន​របូត​គ្រាប់​ច្រើនជាងគេ​រួចមក​ហើយ​ក្នុងនាម​ម្ចាស់ផ្ទះ​។​
* កីឡាករ Gakpo រកបាន ៤ គ្រាប់​ក្នុង ៥ ប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់​ហូ​ឡង់​។​
* ហូឡង់​ស៊ុ​តចូល ៣៣ គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខា​ប់ ១០ ប្រកួត​របស់​ពួកគេ​។​

​ហូឡង់​លេង​មិន​សូវ​ចាប់អារម្មណ៍​ទេ​ក្នុងជំនួប​របស់​ពួកគេ​ជា​មួយ​អេក្វាឌ័រ ដោយ​ទម្លាក់​មក​បិទ​អស់​ភ្លាមៗ​បន្ទាប់​ពី​នាំ​មុខមុន ១-០​។ ពួកគេ​មិន​អាច​រំខាន​ដល់​មុខ​ទី​របស់​ក្រុម​អាម៉េរិក​ខាងត្បូង​បាន​ច្រើន​ទេ បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Cody Gakpo ហើយ​នៅ​ទីបំផុត​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។​

​ខណៈ​ហូ​ឡង់​ចូលមក​ក្នុង​ការប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​ខ្លាំង​ជាង ចំណុច​សំខាន់​គឺថា​១​ពិន្ទុ​ដែល​ទទួលបាន​នោះ​គឺ​សម​នឹង​ពួក​គេ​ជាង​អេក្វាឌ័រ​។ ហូឡង់​មានបួន​ពិន្ទុ​រួចហើយ ហើយ​គ្រាន់តែ​ត្រូវការ​ស្មើ​ជាមួយ​កាតា​នឹង​កក់​កៅអី​របស់​ពួកគេ​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ សូម្បី​តែ​ការ​ចាញ់​បូកផ្សំ​នឹង​ការ​ឈ្នះ​របស់​អេក្វាឌ័រក៏​នឹង​ធ្វើឱ្យ​ពួក​គេ​ឆ្លងវ​គ្គ​បន្ទាប់​បានដែរ​។​

​អេក្វាឌ័រ​ត្រូវ​ប្រឈម​មុខ​ស្លាប់រ​ស់​ជា​មួយនឹង​សេណេ​ហ្គាល់ ដូច្នេះ​អ្វីៗ​បាន​ដំណើរការ​រលូន​ល្អ​ណាស់​សម្រាប់​ហូ​ឡង់​។ ទោះយ៉ាងណា ពួក​គេ​ច្បាស់​ជា​ចង់​ឈរ​លេខ​១​ក្នុង​ពូ​ល ដូច្នេះ​ពួកគេ​នឹង​លេង​អស់​ពី​សមត្ថភាព​ដើម្បី​យកឈ្នះ​លើ​កាតា​។​

​លទ្ធផល​ព្យាករណ៍ ហូឡង់​ឈ្នះ ៤-០​។​

– អ៊ីរ៉ង់ vs សហរដ្ឋ​អាម៉េរិក (​ពូ​ល B)

* អ៊ីរ៉ង់​ចាញ់​តែ​៣​លើក​គត់​ក្នុង​ការប្រកួត​២៣​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* សហរដ្ឋ​អាម៉េរិក​មិន​ឈ្នះ​ក្នុង​ការប្រកួត​៥​លើកចុងក្រោយ ក្នុងនោះ​ស្មើ​៤​ដង​។​
* មាន​គ្រាប់​បាល់​តិចជាង​៣​គ្រាប់​ក្នុង​៨​ប្រកួត​នៃ​១០​ប្រកួត​ចុងក្រោយ​របស់​អ៊ីរ៉ង់​។​

​សហរដ្ឋ​អាម៉េរិក​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ទប់​ស្មើ​អង់គ្លេស​ក្នុង​ពូ​ល B ក្នុង​ជុំ​ទី​ពីរ​នៃ​យុទ្ធនា​ការវើលខាប់​របស់​ពួកគេ ប៉ុន្តែ​ឥឡូវ​ពួកគេ​ត្រូវការ​ឈ្នះ​ដាច់​ខាត​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​។​

​កូនក្រុម​របស់លោក Gregg Berhalter គឺ​ល្អ​នៅ​តំបន់​ការពារ​និង​បម្រើ​ទល់នឹង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត ការ​ខ្វះ​គុណភាព​ប្រយុទ្ធ​បានធ្វើឱ្យ​ពួកគេ​ខាតបង់​។ ពួកគេ​បាន​ស៊ុត​ចំ​គោលដៅ​តែ​២​ជើង​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​ទាំង​ពីរ​លើ​ក​របស់​ពួកគេ​មក​ទល់​ពេល​នេះ ហើយ​ការជួប​អ៊ីរ៉ង់ ដែល​ការពារ​រឹងមាំ​ទៀត​នោះ នឹង​រឹតតែ​ពិបាក​ក្នុង​ការ​ស៊ុត​។​

​បរាជ័យ ៦-២ របស់​អ៊ីរ៉ង់​ក្រោម​ថ្វីដៃ​អង់គ្លេស​គឺ​ពិតជា​ហួសចិត្ត​បន្តិច ប៉ុន្តែ​ពួកគេ​បាន​ឆ្លើយតប​វិញ​យ៉ាង​ល្អឥតខ្ចោះ​ទល់​នឹង​វែល ដោយ​លេង​គ្រប​សង្កត់​លើ​ក្រុម​នាគ​ភ្លើង​៩០​នាទី​ពេញ មុន​ពេល​ស៊ុត​ចូល​២​គ្រាប់​ចុង​ម៉ោង បន្ទាប់​ពី​អ្នកចាំ​ទីវែល Wayne Hennessey ទទួល​កាត​ក្រហម​។​

​អ៊ីរ៉ង់​បាន​ស៊ុត​ចំ​គោលដៅ ២២ ជើង​នៅក្នុង​ការប្រកួត​នោះ ហើយ​បង្ក​ការគំរាមកំហែង​ពេញ​មួយ​ការប្រកួត​។ ដោយ​ដឹង​ថា​បើ​ចាញ់​ពួកគេ​នឹង​ធ្លាក់​ពីវើ​លខាប់ អ៊ីរ៉ង​រំពឹង​ដាក់​គីឡូ​ធ្ងន់​ពេញ​ទីលាន​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​វា​នឹង​ស័ក្តិសម​ឥតខ្ចោះ​ទៅនឹង​ទម្រង់​លេង​កាច​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់ Carlos Queiroz​។​

​ឆ្លងកាត់​១០​ប្រកួត​ចុងក្រោយ អ៊ីរ៉ង់​តែង​ឃើញ​គ្រាប់​បាល់​ក្រោម ២,៥ កន្លះ ដូច្នេះ​ថ្ងៃនេះ​ក៏​ទំនងជា​មាន​លទ្ធផល​ស្រដៀង​គ្នា​កើត​ឡើង​ដែរ​។

​លទ្ធផល​ព្យាករណ៍ គឺ​សូន្យ​ស្មើ​។

– វែល vs អង់គ្លេស (​ពូ​ល B)

* អង់គ្លេស​បាន​ឈ្នះ​៣​លើកចុងក្រោយ​លើ​វែល ដោយ​រក្សា​បាន Clean Sheet ចំនួន​ពីរ​។​
* វែលបា​ន​ចាញ់​៥​លើក​ពី​ការប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Harry Kane បាន​ស៊ុត​បញ្ចូល​ទី ១៩ គ្រាប់​សម្រាប់​អង់គ្លេស​ចាប់តាំងពី​ដើម​ឆ្នាំ ២០២១​។​

​បន្ទាប់​ពី​ចាប់ផ្តើមវើល​ខាប់​យ៉ាង​ល្អ​ឥតខ្ចោះ​ជាមួយ​ជ័យជម្នះ​លើ​អ៊ីរ៉ង់ ៦-២ អង់គ្លេស​បាន​ធ្លាក់ចុះ​ទម្រង់​លេង​ភ្លាមៗ​ទល់​នឹង​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​ពួកគេ​នៅតែ​មាន​ឱកាស​ដ៏​អស្ចារ្យ​ក្នុង​ការឡើង​ឈរលើ​កំពូល​តារាង​ពូ​ល B ពេល​ប៉ះ​ក្រុម​រួម​ប្រជាជាតិ វែល​។​

​ក្រុម​តោ​កំណាច​ត្រូវបាន​សហរដ្ឋ​អាម៉េរិក​ដាក់​សម្ពាធ​យ៉ាងខ្លាំង​នៅ​ប្រកួត​ជុំ​ទី​២ ហើយ​ការ​ស្មើ​នោះ​គឺជា​លទ្ធផល​ដ៏​យុត្តិធម៌​ហើយ ប៉ុន្តែ​ពួកគេ​មើល​ទៅ​រឹងមាំ​នៅ​ផ្នែក​ខាងក្រោម ហើយ​នឹង​មាន​ទំនុកចិត្ត​ក្នុងការ​យកឈ្នះ​លើ​វែល​។​

​ពួកគេ​អាច​នឹង​ឈរ​នៅលើ​កំពូល​តារាង​នៃ​ពូ​ល B ប៉ុន្តែ​ទាំង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​សុទ្ធ​តែ​អាច​វ៉ា​ជែង​តំណែង​លេខ​១​ពី​ពួកគេ ដូច្នេះ​កូនក្រុម​របស់លោក Gareth Southgate ត្រូវតែ​យក​ឈ្នះ ដើម្បី​បញ្ចៀស​ការជួប​ជាមួយ​ហូ​ឡង់​នៅ​ជុំ​បន្ទាប់​។

​ក្រុមវែល​របស់លោក Rob Page ក្រោយ​ស្មើ​ជាមួយ​សហរដ្ឋ​អាម៉េរិក បែរជា​មក​រង​ព្រនុង​របស់​អ៊ីរ៉ង់​ក្នុង​ទីក្រុង Al Rayyan ដែល​ធ្វើឱ្យ​ក្តីសង្ឃឹម​ឆ្លងទៅ​វគ្គ​បន្ទាប់​នៅ​សល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ឥឡូវ​នេះ​ពួកគេ​ត្រូវ​ឈ្នះ​ដាច់ខាត​លើ​អង់គ្លេស ហើយ​បន់ស្រន់​ឱ្យ​អ៊ីរ៉ង់​ស្មើ​អាម៉េរិក​ទើប​មាន​សង្ឃឹម​។​

​នៅ​ប្រកួត​ទី​២ វែល​ត្រូវ​អ៊ីរ៉ង់​ស៊ុ​តទក់​សាច់​រហូតដល់​២២​ជើង ហើយ​ពួកគេ​ក៏​កំពុង​ធ្លាក់​ជើង​ផងដែរ ដោយ​៧​ប្រកួត​ចុងក្រោយ​បាន​ត្រឹម ស្មើ​២ និង​ចាញ់​៥​។ ផ្អែក​លើ​ចំណុច​នេះ អង់គ្លេស​ច្បាស់​ជា​ធ្វើ​បាន​ល្អ​ជាង​វែល​។ លទ្ធផល​ទស្សនទាយ អង់គ្លេស​ឈ្នះ ១-០៕

​អ៊ីរ៉ង់​អាច​នឹង​ទម្លាក់​អាម៉េរិក​តាមរយៈ​ការ​ឈ្នះ​ឬ​ស្មើ តែ​អង់គ្លេស​ត្រូវ​ឈ្នះ​ឬ​ស្មើ​វែល​ដែរ