ដោយៈ សរិទ្ធ / ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅ និងកន្លែងកើតហេតុ ចំណែកនារី ត្រូវជាបងស្រីបង្កើត រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ចេញពីបុណ្យសពជីតា ត្រូវរថយន្តដឹកថ្ម ធុនធំ បើកបុក និងកិន ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩:៥០នាទី យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ទល់មុខបុរីមង្គលភ្នំពេញ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង ពីរនាក់ បានជិះម៉ូតូម៉ាកហុងដា PCX ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-2307 ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣០ ម៉ែត្រ ក្នុងទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនមធ្យម លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ទល់មុខនឹងបុរីមង្គលភ្នំពេញ ស្រាប់តែមានរថយន្តបង្កដឹកថ្ម ធុនធំមួយគ្រឿង ពណ៌ស មានស្លាកលេខ ភ្នំពេញ 3F-8261 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយម៉ូតូ ជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ ព្រមទាំងខ្ទាតយុវជនរងគ្រោះ ចូលក្រោម កង់រថយន្ត កិនចំក្បាល ស្លាប់នៅហ្នឹងកន្លែង ចំណែកឯនារីជាបងស្រី បានដួលបោកទៅនឹង ថ្នល់ រងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗនោះ អ្នកបើករថយន្តបង្ក បានបើកទ្វាររថយន្ត រត់គេចចេញពី កន្លែងកើតហេតុ បាត់ស្រមោលតែម្ដង ។

គួរបញ្ជាក់ផងដែរថា សាកសពជនរងគ្រោះ ឈ្មោះ រី រក្សា អាយុ១៦ឆ្នាំ មានទីលំនៅ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែក បងស្រីបង្កើតរបស់ឈ្មោះ រី រក្សា ដែលរងរបួស ធ្ងន់នោះ នៅមិនទាន់បានស្គាល់នៅឡើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះវាស់វែង ដើម្បីយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ នៅពេលក្រោយ។ ជាមួយគ្នានោះ ​បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ច បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ V / N