ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅបរិវេណវត្តកំបូល ផ្លូវជាតិលេខ៤ ខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ ប្រជាពលរដ្ឋ បានស្នើនិងសំណូមពរ ឱ្យអាជ្ញាធរ ជួយស្ថាបនាផ្លូវ លូ ការស្ដារប្រឡាយមេ ពិសេសគឺ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជន មកឱ្យប្រជាពលរដ្ឋ ។ នេះជាកង្វល់ធំរបស់ពួកគាត់ ក្នុងវេទិកាផ្សព្វផ្សាយនេះ ដើម្បីទាមទារឱ្យអាជ្ញាធរ ជួយដោះស្រាយជូន។

វេទិកានេះធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។

 

វេទិកានេះ ប្រជាពលរដ្ឋ បានលើកឡើងជាសំណួរ និងសំណើ ដោយផ្ទាល់មាត់ ចំនួន ១៥ នាក់ និងសំណើ ជាលាយលក្ខណ៍អក្សរ ជាច្រើនបញ្ហាទៀតផងដែរ ។ ចំពោះសំណួរ និង សំណើផ្ទាល់មាត់ រួមមាន ការស្នើអោយអាជ្ញាធរជួយស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជនមកអោយប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិក្រាំងស្លឹក សង្កាត់កន្តោក ការស្នើសុំជួយអន្តរាគមន៍ ពីអ្នករត់ការលើប្លង់ដី អស់លុយ ២.៩០០ដុលារ និងប្រើពេល ១០ ខែ ហើយមិនទាន់បាន ការសុំបើកផ្លូវ ដែលក្រុមហ៊ុន បានបិទកាលពីបុណ្យភ្ជុំបិណ្ឌនេះ និងការស្នើសុំស្ថាបនាផ្លូវ លូ ស្តារប្រឡាយ តបណ្តាញទឹកស្អាតជាដើម។

ចំពោះការលើកឡើង ជាសំណើ ផ្ទាល់មាត់ទាំង ១៥ នាក់ ខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌ រាជធានី និងមន្ទីរជំនាញ ធ្វើការបកស្រាយបំភ្លឺភ្លាមៗ ជូនប្រជាពលរដ្ឋ ដោយរាល់សំណើ សំណូមពរខ្លះ ត្រូវបានដោះស្រាយ បានលទ្ធផលភ្លាមៗ និងសំណើ សំណូមពរខ្លះទៀត រង់ចាំប្រជុំ និងពិភាក្សាដោះស្រាយជូន នៅពេលក្រោយ បន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានមានប្រសាសន៍ថាៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ គឺពិតជាមានបញ្ហា ដោយគម្រោងខ្លះ ត្រូវខកខាន ឬពន្យារពេល ដោយសារជំងឺកូវីដ-១៩ តែរាល់សំណើ និងសំណូមពរខ្លះ របស់បងប្អូន មានមួយចំនួន គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ហើយយើងក៏តែងបានឱ្យមេភូមិ ចៅសង្កាត់ ផ្សព្វផ្សាយពីគម្រោងរបស់ខណ្ឌ និងសង្កាត់ ដែលត្រូវអនុវត្តទាំងនោះ ឱ្យប្រជាពលរដ្ឋ បានជ្រាបផងដែរ។

ចំពោះ ការស្នើសុំផ្ទេរកម្មសិទ្ធិ ឬបំបែកក្បាលដី ពីក្រុមហ៊ុនឯកជន មកឱ្យប្រជាពលរដ្ឋ នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោក លោកអភិបាលខណ្ឌ បានបញ្ជាក់ថាៈ ក្នុងនាមអាជ្ញាធរ គឺត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋហើយ យើងមិនបានព្រងើយកន្តើយឡើយ។ កន្លងមកនេះ យើងបានចុះពិនិត្យរួចហើយ គឺខាងក្រុមហ៊ុន ចង់ធ្វើប្លង់ទន់ ជូនប្រជាពលរដ្ឋ ដោយឱ្យអាជ្ញាធរខណ្ឌ ចុះហត្ថលេខាលើប្លង់ទន់នេះ ។ ប៉ុន្តែដោយដីទាំងនេះ ជាប្រភេទដី ដែលខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បញ្ជាក់ថា ជាប្រភេទដី មានប្លង់រឹង ទើបអាជ្ញាធរមិនចុះហត្ថលេខា លើប្លង់ទន់នេះជូន ព្រោះបើយើងចុះហត្ថលេខា គឹខុសច្បាប់។ ប៉ុន្តែទោះជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរខណ្ឌ នឹងស្នើសុំទៅអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើប្លង់រឹង ជូនប្រជាពលរដ្ឋ ដោយមិនអស់ប្រាក់ តែម្តង ដោយមិនបាច់ពឹងអ្នករត់ការ អស់លុយ រាប់ពាន់នោះទេ។

ចំពោះការស្នើសុំការស្តារប្រឡាយនោះ អាជ្ញាធរខណ្ឌកំបូល នឹងដោះស្រាយជូនប្រជាពលរដ្ឋ នៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ពោលគឺ ដាក់គ្រឿងចក្រ ចុះកាយតែម្តង។

ដៅយឡែក លោក ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែ ក្នុងរយៈពេល ២ឆ្នាំ​ជាប់គ្នានេះ ត្រូវបានខកខាន ដោយការរាតត្បាតជំងឺកូវីដ-១៩​ យើងមិន បានជួបជុំគ្នាបែបនេះទេ ។ តែពេលនេះ យើងបានជួបជុំគ្នា ជាធម្មតាឡើងវិញហើយ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ​ គឺផ្តោតសំខាន់ ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍ នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរ បានដឹងឮ និងរកយន្តការ ដោះស្រាយជូន៕ V / N