ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការ WWF បានអះអាង កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ​២០២២ ថា ភោជនីយដ្ឋានចំនួន៣២កន្លែង ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបានបិតខិតប័ណ្ណផ្សព្វផ្សាយក្នុងបរិវេនភោជីយដ្ឋានរបស់ខ្លួន ដើម្បីបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ភ្ញៀវរបស់ខ្លួនអំពីហានិភ័យដល់សុខភាពដែលអាចបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ។

ប្រភពដដែលបានបន្តថា ការបញ្ឈប់ការផ្គត់ផ្គង់សាច់សត្វព្រៃ និងការបញ្ឈប់ការលក់ម្ហូបពីសាច់សត្វព្រៃមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃខុសច្បាប់។

ប្រភពដដែលបានបន្តថា ភោជនីយដ្ឋាន និងទីតាំងបម្រើសេវាកម្មម្ហូបអាហារមានតួនាទីសំខាន់ផងដែរក្នុងការណែនាំដល់អតិថិជនខ្លួនឲ្យបញ្ឈប់ការបរិភោគ ឬការទិញសាច់សត្វព្រៃ ដោយ ក្នុង «យុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ» ភោជនីយដ្ឋាន និងបញ្ជរអាហារទូទាំងប្រទេសត្រូវបញ្ឈប់ការផ្គត់ផ្គង់ និងការជួញដូរសត្វព្រៃគ្រប់ប្រភេទទាំងអស់ ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការផ្ទុះឡើងនូវការចម្លងជំងឺពីសត្វទៅមនុស្ស ហើយរួមគ្នាអភិរក្សសត្វព្រៃឲ្យបានគង់វង្ស ព្រមទាំងស្តារធនធានធម្មជាតិរបស់យើងឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕