ដោយ៖ ដេប៉ូ / បន្ទាយជ័យ៖ ភ្នំដូងព្រះ ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រមួយ ដែលក្រុមការងារ បានសិក្សា នៅឆ្នាំ២០១៩ (រូបទី៣៨)។ ភ្នំនេះ ស្ថិតនៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (278559-1504105) ។ បច្ចុប្បន្ន ភ្នំនេះ កំពុងត្រូវបានគេ កកាយយកអាចម៍ដី នៅផ្នែកខាងជើង និងខាងត្បូងភ្នំ។

បើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ភ្នំនេះ ជាប្រភេទភ្នំថ្មកំបោរ លាយឡំជាមួយដី ដែលចាក់បង្គរជាស្រទាប់ៗ និងឃើញស្លាកស្នាម នៃការដោលឡើង នៃស្រទាប់ផែនដី ផងដែរ។ ថ្មកំបោរ ស្រទាប់ដី ដែលមានពណ៌ខុសគា្ន អាចបញ្ជាក់បាន អំពីបាតុភូត ដែលកើតឡើង ក្នុងសម័យកាលផ្សេងៗគ្នា។

ប្រភពខាងលើនេះ បានបញ្ជាក់ថាៈ ភ្នំដូងព្រះ និងភ្នំថ្មកំបោរ មួយចំនួន ដែលនៅក្បែរៗគ្នានេះ បើតាមផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានន័យថា ជាភ្នំថ្មកំបោរ ដែលមានអាយុកាល ក្នុងសម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ) ស័ក Paleozoic (ភេលាអូហ្សូអ៊ីក)”។
តាមរយៈការសិក្សាបឋម យើងរកឃើញប្រភេទសត្វសមុទ្រ និងរុក្ខជាតិ មានដូចជាៈ
១.ពពួក Fusulinina (ហ្វូស៊ូលីណា)® មានសណ្ឋានស្រដៀងគ្រាប់អង្ករខ្លះ បានកក ជាថ្ម និងខ្លះកប់ក្នុងដីខ្មៅ ក្នុងក្រុមនេះ ក៏រកឃើញប្រភេទផ្សេង ដែលស្ថិតក្នុងសណ្ដាន Family Globigerinidae វាមានលក្ខណៈជាដុំមូល ទំហំតូចធំ លាយគ្នា មួយប្រភេទ ទៀត ជាគ្រាប់ មូលៗតូច ជាងកូនដៃ ប៉ុន្តែបើវាបែកពាក់កណ្តាល យើងឃើញមានជា ស្នាមរង្វង់ៗ ។
២.ពពួកផ្កាថ្ម (Corals) បានឃើញនៅក្នុងថ្មមួយចំនួន ខ្លះមានរាងដូចសំបុកឃ្មុំ ខ្លះក៏មាន ទម្រង់ជាដើមតូចៗផងដែរ។
៣.ពពួក Sponges (អេប៉ុង) ពេលដែលនៅរស់ មានទ្រង់ ទ្រាយប្រហែលនឹងផ្កាថ្ម តែមានលក្ខណៈទន់ៗ ដូចអេប៉ុង។
៤.ពពួក Brachiopods (ប្រាកូផត) យើងបានប្រទះឃើញមួយចំនួនផងដែរ ដែលធ្លាប់មាន ក្នុងអត្ថបទមុនៗ ផងដែរ។ ក្នុងនេះមានមួយប្រភេទ ដែលមើលទៅ មានរូបប្រហាក់ប្រហែលនឹងឆ្អឹងត្រី ហើយស្ដើង។
៥. ពពួក Bivalves (បាយវ៉ាល់) ដែលមានលៀស ងាវ គ្រំជាដើម យើងបានជួបប្រទះ សំបកគ្រំផ្លិត (Shell)។
៦. ពពួកខ្យង ក៏រកបានជាច្រើនប្រភេទផងដែរ ដែលយើងមិនទាន់ អាចកំណត់ឈ្មោះពួកវា បាននៅឡើយទេ។
៧. ពពួក Bryozoan (ប៉្រាអីស្យូន) យើងបានឃើញពពួកនេះ មួយចំនួនផងដែរ ដែលមានលក្ខណៈដូច សំណាញ់ ហើយយើង បានជួបផូស៊ីលឈើមួយចំនួន នៅភ្នំនោះផងដែរ ក្នុងនោះផូស៊ីលឈើមួយដុំ នៅមានរូបរាង ទាំងមូល មានមុខកាត់ ១៣ ស.ម ។ ឈើមួយចំនួនដែលរកឃើញនោះ វាអាចដុះក្នុងទឹក ឬនៅមាត់ទឹក ក្នុងពេលដែលទីតាំងនោះគោក៕/V-PC