ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តទៅ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ហើយកុំលែងសត្វពាហនៈ ដែលចិញ្ចឹម ឱ្យដើរពាសវាលពាសកាល និយាយជារួម គឺរួមគ្នាដោះស្រាយ រាល់បញ្ហាទាំង ឡាយ ដែលកើតមានឡើង នៅមូលដ្ឋាន ហើយក៏មិនត្រូវសាងសង់សំណង់ នៅលើចិញ្ចើម ផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាល នៅទីសាធារណៈ ដើម្បី បរិស្ថានស្អាត និងទីក្រុងមានសោភ័ណភាពល្អ ពីព្រោះថា សំរាមគឺជាបញ្ហាប្រឈមរួម ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាម៉េ ១ខ្សែ ប្រវែង ៥៩២ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

លោកអភិបាលក្រុង បានមានប្រសាសន៍បន្តទៀតថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិ មានការរីចំរើន លើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការ នយោបាយនោះដែរ គឺត្រូវបំរើសេវាជូន ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ហើយអ្វីដែលសំរេចបាននោះ គឺវាអាស្រ័យដោយមាន ការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ របស់យើងផងដែរ។

លោកអភិបាលក្រុង បានបន្តទៀតថាៈ នាពេលកន្លងមក ផ្លូវ១ខ្សែនេះ មានសភាពតូចចង្អៀត និងខូចខាតច្រើន ហើយនៅរដូវវស្សា ស្ថានភាពផ្លូវ គឺមានទឹកដក់ និងរអិល ពិបាកក្នុងការធ្វើ ដំណើរឆ្លងកាត់ ផ្លូវទាំងនេះ ជាពិសេសគឺ នៅពេលបងប្អូនប្រជាពលរដ្ឋ ដឹកកសិផល មកកាន់ទីផ្សារ តែងតែជួបការលំបាក ក្នុងការធ្វើដំណើរ។

លោកអភិបាលក្រុង បានមានប្រសាសន៍បន្ថែមថាៈ សម្រាប់ការពង្រីក និងការជួសជុល ស្ថាបនាផ្លូវ នាពេលនេះ លោកសុំការយោគយល់ ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរ ក្នុងការជួសជុលស្ថាបនាផ្លូវ ១ខ្សែនេះ ឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ ក្នុងការពង្រីកផ្លូវ។ នៅពេលផ្លូវនេះ បានជួសជុល រួចហើយនោះ យើងនឹងបំពាក់អំពូលសូឡា ដើម្បីបំភ្លឺនៅពេលយប់ ដូច្នេះហើយ សូមឱ្យអ្នក ប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវ ការគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃ មិនថា នៅទីក្រុង ឬជនបទនោះ ឡើយ។

ម៉្យាងទៀត លោកក៏សូមសំណូមពរ និងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួច ហើយ ត្រូវគិតថា ផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែង ទៅថ្ងៃក្រោយ៕​​ V / N