ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បុរសម្នាក់ ដែលកាន់ទង់ឥន្ទធនូនិងពាក់អាវយឺតសរសេរថា “គោរពចំពោះស្ត្រីអ៊ីរ៉ង់” នៅខាងក្រោយខ្នងបានលុកលុយទីលានក្នុងអំឡុងការប្រកួតវើលខាប់ក្នុងប្រទេសកាតាកាលពីថ្ងៃចន្ទទី២៨វិច្ឆិកា។
បុរសនោះបាននៅលើទីលានប្រហែល ៣០ វិនាទីក្នុងអំឡុងតង់ទីពីរនៃការប្រកួតរវាងព័រទុយហ្គាល់និងអ៊ុយរូហ្គាយ មុនពេលត្រូវបានសន្តិសុខហាមឃាត់និងនាំខ្លួនចេញក្រៅ។
រូបគេក៏មានពាក្យសរសេរថា “សង្គ្រោះអ៊ុយក្រែន” នៅផ្នែកខាងមុខនៃអាវយឺតរបស់គេផងដែរ ដោយសំដៅលើប្រទេសដែលកំពុងហែកហួរដោយសង្គ្រាម។
កីឡាករព័រទុយហ្គាល់ រូបិន នេវេស (Ruben Neves)បាននិយាយថា “យើងបានដឹងពីអ្វីដែលបានកើតឡើងជុំវិញការប្រកួតវើលខាប់…វាជារឿងធម្មតាដែលត្រូវកើតឡើងចឹង”។
“ពិតណាស់ យើងទាំងអស់គ្នាក៏នៅជាមួយពួកគេដែរ គឺជាមួយប្រទេសអ៊ីរ៉ង់ និងជាមួយស្ត្រីអ៊ីរ៉ង់។ ដូច្នេះខ្ញុំសង្ឃឹមថាមិនមានរឿងអ្វីកើតឡើងចំពោះក្មេងប្រុសនោះទៅចុះ ព្រោះយើងយល់ពីសាររបស់គេ ហើយខ្ញុំគិតថាពិភពលោកទាំងមូលបានយល់អំពីវាដូចគ្នា”។
អ្នកតវ៉ានោះត្រូវបានកំណត់អត្តសញ្ញាណថាជា បុរសអ៊ីតាលីឈ្មោះ ម៉ារីអូ ហ្វើរី (Mario Ferri) ដោយទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី AGI។
រូបគេក៏ធ្លាប់បានធ្វើការតវ៉ាស្រដៀងគ្នានេះពីមុនដែរ រួមទាំងនៅវើលខាប់២០១៤ នៅប្រទេសប្រេស៊ីល កន្លែងដែលរូបគេបានលើកឡើងពីបញ្ហាកុមាររស់នៅក្នុងភាពក្រីក្រ។
សិទ្ធិស្រឡាញ់ភេទដូចគ្នានិងការប្រើប្រាស់ទង់ឥន្ទធនូគឺជាបញ្ហាដ៏ក្ដៅគគុកនៅវើលខាប់ក្នុងប្រទេសកាតា ជាកន្លែងដែលការស្រឡាញ់ភេទដូចគ្នាគឺជាអំពើខុសច្បាប់៕
ម៉ារីអូ ហ្វើរី កាន់ទង់ឥន្ទធនូ រត់អុកឡុកលើទីលានអំឡុងការប្រកួតវើលខាប់រវាងព័រទុយហ្គាល់និងអ៊ុយរូហ្គាយ