ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សយ អ៊ឹង អគ្គលេខាធិការរង នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអសាទរ ពិធីអាហារូបត្ថម្ភថ្នាក់ស្រុក ក្រោមប្រធានបទ ” ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងូមិគោករវៀង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណ ជាង ២០០ នាក់។

ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ លោក សយ អ៊ឹង បានមាន ប្រសាសន៍ថាៈ សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា។ ម្ហូបអាហារមានសុវត្ថិ ភាព មានសារៈសំខាន់ខ្លាំងណាស់ ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាព របស់មនុស្សគ្រប់រូប។ ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ គឺជាកត្តាសំខាន់ សម្រាប់ចីរភាព ប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ ដើម្បីឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០។ ការរីកចម្រើន ផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជន ផ្លាស់ប្ដូររបៀបរបបរស់នៅ ការហូបចុក ដោយផ្លាស់ប្ដូរពី ការហូប ដើម្បីឆ្អែត មកហូបដើម្បីសុខភាព។

យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នឹងត្រូវរៀបចំធ្វើឡើង នៅទូទាំងប្រទេស ដោយ ផ្ដោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹង សមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ ការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយ បរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ក្នុងនោះ យុទ្ធនាការលើកកម្ពស់ សុវត្ថិភាពម្ហូបអាហារនេះ ត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយជូនប្រជាជនកម្ពុជា គ្រប់រូប បានយល់ដឹងកាន់តែច្បាស់ ពីសារៈសំខាន់ នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារ មានសុវត្ថិភាព ប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្ម ម្ហូបអាហាររបស់យើង ត្រូវបានគោរព ទៅតាមគោលការណ៍ណែនាំ ស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាព ប្រព័ន្ធផលិតកម្មម្ហូបអាហារ។ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ត្រូវចូលរួមបំផុសស្មារតីគាំទ្រ ការអនុវត្តការបំបៅកូន ដោយទឹកដោះម្តាយ តែមួយមុខគត់ ក្នុងអំឡុង ៦ខែដំបូង និងការបន្តបំបៅកូន ដោយទឹកដោះម្តាយ ឱ្យបានរហូត ដល់កុមារអាយុយ៉ាងតិចបំផុត ២ ឆ្នាំ។

ជាមួយគ្នានេះ លោក ព្រឹម រដ្ឋា បានអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន យុវជន និង ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ជាសេនាធិការ ក្នុងការសម្របសម្រួល លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ប្រព័ន្ធស្បៀង ដើម្បីយើងខិតខំប្រឹងប្រែង រួមគ្នាបន្ថែមទៀត ធ្វើឱ្យម្ហូបអាហារ មានសុវត្ថិភាព សម្រាប់អ្នកបរិភោគ និងបញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារ ទៅក្នុងគោលនយោបាយ សុខភាពសាធារណៈ សំដៅកាត់បន្ថយជំងឺនានា មួយចំនួន បង្កឡើងដោយ ម្ហូបអាហារមិនមានសុវត្ថិភាព។ ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជួយសម្រួលឱកាសធ្វើ ពាណិជ្ជកម្ម អាជីវកម្មម្ហូបអាហារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចឱ្យបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ ចោលនោះឡើយ៕/V-PC