ដោយ៖ ដេប៉ូ / កែប៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាៈ «ជាមួយប៉មមើលទេសភាព ដែលសាងសង់ឡើង ដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែប នឹងផ្តល់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នូវឱកាសមើលទេសភាព ខេត្តកែប ពីលើកំពូលភ្នំ ដែលពោរពេញដោយទេសភាពដ៏ល្អប្រណិត គឺលំហសមុទ្រ និងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប» ។

ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ប៉មមើលទេសភាព មួយកន្លែង នៅក្នុងឧទ្យាន ជាតិកែប នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថាៈ ប៉មមើលទេសភាព កម្ពស់ ១២ម៉ែត្រនេះ បានសាងសង់ឡើង ដោយចំណាយថវិកា ដែលបានពីការលក់ឥណទានកាបូន ស្ថិតក្នុងក្របខណ្ឌ នៃការការពារ និងអភិរក្សធនធាន ធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។ ប៉មមើលទេសភាពនេះ គឺជាមធ្យោបាយ កម្សាន្តមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើ សម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវាត់ភ្នំ ដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្ស ទូទៅ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើង ដោយបញ្ជាក់ថាៈ ខេត្តកែប គឺជាខេត្តតែមួយគត់របស់កម្ពុជា ដែលមានឧទ្យានជាតិនៅកណ្តាលក្រុង និងមានការទាក់ទាញភ្ញៀវទេសចរ បន្ថែមលើមុខម្ហូប ជាពិសេសគ្រឿងសមុទ្រ ដ៏មានឱជារសឆ្ងាញ់។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែប ពីលើប៉ម មើលទេសភាព ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នេះ។ ជាមួយគ្នានេះ លោកបានស្នើឱ្យ មន្ទីរបរិស្ថានខេត្តកែប ដែលទទួលថែរក្សា ក្នុងនាមរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារឱ្យបានល្អ និងត្រូវអនុវត្តវិធានការសុវត្ថិភាពនានា ដើម្បីការពារសុវត្ថិភាព ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានល្អបំផុត៕/V