ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាវាយសីកម្ពុជា លោកឧត្តមសេនីយ៍ឯក លី កុសល បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការ នៃប្រភេទកីឡាវាយសី ឆ្នាំ២០២២ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ទីលានកីឡាវាយសីរបស់ សហព័ន្ធ រាជធានីភ្នំពេញ។

ប្រកួតលើកនេះ មានប្រតិភូកីឡា ចូលរួមចំនួន ១១ ក្រសួង រាជធានី ខេត្ត ស្មើនឹង ១៤៩ នាក់ រួមមាន ភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង ខេត្តកណ្តាល និងក្រសួងមហាផ្ទៃ។
ការប្រកួតលើកនេះ សហព័ន្ធ បានបញ្ចូលវិញ្ញាសាកីឡាវាយសីជនពិការ មានកីឡាករ ៤ រូប និងកីឡាការិនី ចំនួន ៤ រូប តំណាងរាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ, ខេត្តកណ្តាល, សៀមរាប និងស្វាយរៀង។

លោកផ្កាយ៣ បានធ្វើការកត់សម្គាល់ថាៈ ឆ្លងតាមរបាយការណ៍របស់ គណៈកម្មការរៀបចំ ការប្រកួត បានបង្ហាញឲ្យឃើញច្បាស់ ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបំរុង ដល់វិស័យកីឡាវាយសី ពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ តាមបណ្តាក្លិប កីឡាវាយសី ដែលចូលរួមប្រកួតនៅទីនេះ និងការខិតខំបំពេញការងាររបស់ មន្រ្តីសហព័ន្ធ កីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួត ទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ស្មារតីបំពេញភារកិច្ច ប្រកបដោយជោគជ័យ។

លោកប្រធាន បានបន្តថាៈ នេះជាសកម្មភាពថ្មីមួយទៀតរបស់ សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការល្អ បង្កើតឲ្យមានកីឡាវាយសីជនពិការ ស្របតាមគោលការណ៍សហព័ន្ធកីឡា វាយសីអាស៊ី តម្រូវឲ្យប្រទេសនិមួយៗ ត្រូវគាំទ្របង្កើតកីឡាប្រភេទនេះ ឲ្យកាន់តែច្រើន ថែមទៀត ហើយកម្ពុជាត្រៀមលក្ខណៈ សម្រាប់ SEA GAMS និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លទ្ធផលទាំងនេះ បង្ហាញពីភាពរីកចម្រើន នៃវិស័យកីឡាវាយសីនៅកម្ពុជា សម្រាប់អ្នកមិន ទាន់ដណ្តើមបានមេដាយ សូមកុំបង្អង់ ត្រូវដាក់ចិត្តហ្វឹកហាត់ ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាកីឡាករ មានសិទ្ធផលខ្ពស់ ទាំងកីឡាករ គ្រូបង្វឹក និងចៅក្រុម អាជ្ញាកណ្តាល ដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ពេលប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងចូលរួមប្រកួតនានាផ្សេងទៀត ដោយស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ៕ V / N