ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញអង្គភាព វិទ្យុបរទេស ជាខេមរៈភាសា ផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជាស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ដែលបានចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុង ពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថ យ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ ប្រជាជនកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្សាយបទវិចារណកថារបស់វិទ្យុ បានបំពានទាំងស្រុង លើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពាន បាន» ព្រមទាំងបានប្រាសចាកឆ្ងាយ ពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាក ទាំងស្រុង ចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌ វិជ្ជាជីវៈខ្លួនឯង គួរឱ្យអៀនខ្មាស ពន់ពេក។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថាៈ អង្គព្រះមហាក្សត្រ គឺជានិមិត្តរូប នៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាតិ និងប្រជាជន ហើយព្រះអង្គ ក៏មិនលូកលាន់ ក្នុងកិច្ចការនយោបាយទេ ដែលមិនគួរចាប់យកជាកម្មវត្ថុ នៃការប្រមាថ និងវាយប្រហារ ចំពោះព្រះអង្គឡើយ។ សីលធម៌របស់អ្នក មិនគួរធ្លាក់ចុះទាប បែបនេះ តាមរបៀបពួក ប៉ុល ពត ទមិឡឥតសាសនា ដែលបានធ្វើរួចមកហើយចំពោះ ព្រះមហាក្សត្រ ញាតិវង្សានុវង្ស និងចំពោះប្រជាជាតិខ្លួនឯង។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថាៈ វិទ្យុបរទេស ផ្សាយជាខេមរៈភាសា ក៏ដូចជា សារព័ត៌មាននានា មិនគួរណាបន្តប្រើប្រាស់សេរីភាព ដែលបម្រើមនោគមន៍វិជ្ជាអន់ទាប ផ្សាយប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គម ខ្លួនឯង យ៉ាងដូច្នេះទេ ដែលជាទង្វើខុសឆ្គង និងគួរតែមានភាពខ្មាសអៀន។ គេក៏មិនគួរបន្ត ប្រើប្រាស់សេរីភាព បែបឆ្កួតលេលា ព្យាយាមញែកខ្មែរ ឱ្យស្អប់ខ្ពើមគ្នាគ្មានទីបំផុតនោះឡើយ ហើយគួរតែមានការរលឹកដឹងជាប្រចាំថា «ភាសាប្រមាថ គឺជាចរិតនៃជនបាតសង្គម»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់សារព័ត៌មានទាំងអស់ បន្តប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានខ្ពស់ ដោយតម្កល់នូវគោល ការណ៍គ្រឹះ នៃការផ្សាយ ៤ យ៉ាង ដែលជាគុណតម្លៃដ៏ពិសិដ្ឋ របស់សារព័ត៌មានគឺ៖ «ការពិត សុចរិតភាព តុល្យភាព និងភាពអាចផ្ទៀងផ្ទាត់បាន»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់សារព័ត៌មាន និងអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម សូមជៀសវាងឱ្យបាន នូវការផ្សាយបែបប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមជាតិ ដែលជាការខាតបង់ធំធេង និងសូមលើកទឹកចិត្ត ដល់ទាំងអស់គ្នា បន្តបំពេញតួនាទី រួមចំណែកផ្សព្វផ្សាយឱ្យសង្គម បានយល់ដឹង ប្រកបដោយការពិចារណា មានហេតុនិងផល សម្រាប់ជាមូលដ្ឋាន សម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ សូមសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បន្តចូលរួមបង្កបរិយាកាស ឱ្យសង្គមកម្ពុជា មានការឯកភាពគ្នា ខាងទស្សនៈ និងសាមគ្គីជាតិរឹងមាំ ដើម្បីកម្ពុជារួមគ្នា ចាប់យកឱកាសថ្មីៗ បង្កើនសក្តានុពលកសាងប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត៕/V-PC