ដោយ៖ ម៉ាដេប៉ូ / ភ្នំពេញ៖ ស្របពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬ ហៅថា បាក់ឌុប ក្នុងសម័យប្រឡងថ្ងៃទី៥-៦ ខែធ្នូ ២០២២ កាន់តែខិតជិតមកដល់ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងការកើតបញ្ហាដោយប្រការណាមួយ ដែលនាំឱ្យប៉ះពាល់ និងក៏ដូចជាមានបញ្ហាណាមួយ ទាំងពេលមកពិនិត្យ បិទផ្សាយលេខបន្ទប់ និងលេខតុ ហើយនិងពេលប្រឡងខាងមុខ។

ក្នុងសារវីដេអូ ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុក ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានលើក ឡើង ពីបញ្ហាច្បាប់ចរាចរណ៍ ដោយបានផ្តាំផ្ញើដល់បេក្ខជន ត្រូវតែគោរពច្បាប់ ចរាចរណ៍ថាៈ “សុំអំពាវនាវឱ្យមានការគោរពច្បាប់ចរាចរណ៍ ដល់សិស្ស នៅពេលគាត់ មកចូលរួមការ ប្រឡង! ជារួម សិស្សត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍”។

ជាមួយគ្នានេះ លោក ហង់ ជួន ណារ៉ុន ក៏បានបញ្ជាក់ពីបញ្ហាចរាចរណ៍ផ្លូវទឹក សម្រាប់បេក្ខជន មកប្រឡងបាក់ឌុបផងដែរ ដោយលោក បានបញ្ជាក់ថាៈ ក្រសួងបានចេញសេចក្តីណែនាំ ហើយ ដោយក្នុងនេះ ត្រូវពិនិត្យទៅលើទូក ក៏ដូចជា ពាក់ពោងបើសិនជាចាំបាច់ ។ ទោះបីយ៉ាងណា ការប្រឡងនៅខែធ្នូនេះ ទឹកបានស្រកហើយ និងក៏ពុំមានទឹកជំនន់ដែរ ក្នុងខែធ្នូនេះ។ ក្រៅពីនេះ បេក្ខជនដែលត្រូវឆ្លងទន្លេ ត្រូវធ្វើដំណើរមកមុន ដែលក្នុងនេះ ដូចជា មកប្រឡងនៅតាមទីរួមខេត្ត ទីរួមស្រុក និងជាមួយគ្នា ក៏ត្រូវរក្សាសុវត្តិភាព ពេលធ្វើដំណើរ ដូចគ្នា។

គួរបញ្ជាក់ថា បើតាមលោក រស់ សុវាចា អ្នកនាំាពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ បណ្តាញសារព័ត៌មានឱ្យដឹងថាៈ ក្រសួងអប់រំ យុវជន និងកីឡា បានចំណាយថវិកា ប្រមាណ ២១ ពាន់លានរៀល សម្រាប់រៀបចំការប្រឡង សញ្ញាបត្របាក់ឌុប ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី ៥ និង ទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ការចំណាយនេះដែរ គឺផ្តោតលើ ការឧបត្ថម្ភ ដល់គណៈកម្មការនានា ក្នុងនោះ មានចាប់ពីដំណាក់កាល នៃការតាក់តែង ប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងដំណាក់កាលនៃការបូកស្រង់ដោយកុំព្យូទ័រ។

មន្រ្តីអ្នកនាំពាក្យ ក្រសួងអប់រំ រូបនេះ បានបញ្ជាក់បន្ថែមថាៈ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២នេះ ក្រសួងអប់រំ ក៏បានរៀបចំគណៈកម្មការ មេប្រយោគ និងគណៈកម្មការអប្បមាទ ក៏ដូចជា គណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់ បុគ្គលិកអប់រំ ចំនួន ជាង ៧ ម៉ឺន ៧ ពាន់នាក់។

លោកបានថ្លែងឱ្យដឹងថាៈ ក្នុងនោះ ក៏មានការសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាលទាំងអស់ នៃការប្រឡង ដែលអង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំ​ឱ្យមានអ្នកចូលរួម សង្កេតការណ៍ ប្រមាណ ២.០០០ នាក់។ ចំណែក សហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) នឹងចូលរួមសម្រួល ដល់ការប្រឡងផងដែរ។

ទាក់ទិនក្នុងការប្រឡងនេះដែរ លោក រស់ សុវាចា បានឱ្យដឹងផងដែរថាៈ ចាប់ពីព្រឹកថ្ងៃទី២៨ វិច្ឆិកាទៅ មណ្ឌលប្រឡងបាក់ឌុប នៅទូទាំងប្រទេស មានការបិទផ្សាយបញ្ជីរាយនាម បេក្ខជនប្រឡងបាក់ឌុប បញ្ជាក់ពីមណ្ឌលប្រឡងរបស់បេក្ខជន។

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ រូបនេះ បានលើកឡើងឱ្យដឹងបន្ថែមថាៈ «ការបិទផ្សាយលេខបន្ទប់ និងលេខតុ នឹងមានជូន នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នៅតាមមណ្ឌលប្រឡងនីមួយៗ”។

គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាស នាពេលកន្លងមក របស់ក្រសួងអប់រំ ក៏បានកំណត់ពី បទប្បញ្ញត្តិ ក្នុងដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ប្រការដែលបេក្ខជន ត្រូវអនុវត្ត ផងដែរ មានដូចជាៈ ត្រូវមកដល់មណ្ឌលប្រឡង ឱ្យបានមុនដំណើរការប្រឡង និងត្រូវមកដល់មណ្ឌលប្រឡង ឱ្យ បានមុនបេក្ខជនទូទៅ ចំពោះបេក្ខជន ដែលបានប៉ះពាល់ ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងបេក្ខជនដែលមានកម្ដៅ លើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញា ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម…​ ដើម្បីទទួលការ ស្ទង់កំដៅ និង ឆែកឆេរសំណៅ ឯកសារមុនគ និងដាច់ដោយឡែកពីគេ។

ក្រៅពីនេះ បេក្ខជនប្រឡងបាក់ឌុបត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវ ពណ៌ស និងខោ សំពត់ ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ ឱ្យបានត្រឹមត្រូវ។ ត្រូវយកប័ណ្ណសម្គាល់ ខ្លួនថ្នាក់ទី១២ ដែលមានបិទ រូបថត និងមានចុះហត្ថលេខានាយក នាយិកាសាលា បានត្រឹមត្រូវច្បាស់លាស់ ចំពោះបេក្ខជនចំណេះទូទៅ និងបេក្ខជនបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិន ចំណេះទូទៅ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ត្រូវយកសលាកបត្រ ឯកត្តជន ឬ ប័ណ្ណសម្គាល់ខ្លួនសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជាដើម៕/V-PC