ដោយ៖ប្ញទ្ធីស័ក្តិ/ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្ទោសទៅលើប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកែប ពាក់ព័ន្ធករណីឈ្មួញឈ្មោះ ម៉ម សំណាង កាយក្រវាត់ព្រំព័ន្ធជុំវិញភ្នំអង្កោល ដែលស្ថិតនៅភូមិ-ឃុំ អង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ការស្តីបន្ទោសនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់រឿងឈ្មួញឈ្មោះ ម៉ម សំណាង កាយក្រវាត់ព្រំព័ន្ធជុំវិញភ្នំអង្កោល។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបន្ទោសប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែបថា ធ្វើការគ្មានសីលធម៌ និងមិនសុំយោបល់។ លើសនេះអភិបាលខេត្តកែប កុំឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត កុំយកគម្រូតាម។

យោងតាមកំណត់បង្ហាញរបស់រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្ញើទៅអង្គភាពមន្ទីររ៉ែ និងថាមពល ខេត្តកែប ដោយនៅលើកំណត់បង្ហាញលិខិតចូលនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចំណារយ៉ាងដូច្នេះថា “បានឃើញ ធ្វើការគ្មានសីលធម៌ និងមិនសុំយោបល់ ។ នាយករដ្ឋបាលចម្លងជូនប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កុំយកគម្រូតាម”។

សូមជម្រាបថា សកម្មភាពកាយយកអាចម៌ដីភ្នំដង្កោលពីសំណាក់ឈ្មួញឈ្មោះ ម៉ម សំណាង ដោយមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនបានធ្វើឱ្យភ្នំដង្កោលជិតបាត់រូប រាងទៅហើយ។ សកម្មភាពកាយយកអាចម៍ដីនេះ គ្មានច្បាប់អនុញ្ញាតពីមន្ទីររ៉ែ និងថាមពលនោះទេ។ ឈ្មួញឈ្មោះ ម៉ម សំណាង បានយកគ្រឿងចក្រកាយយកអាចម៌ដី និងមានរថយន្តដឹកដីប្រមាណ ២០គ្រឿង ដឹកជញ្ជូនអាចម៍ដីចេញពីភ្នំនេះ៕សរន