ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលអះអាងថា បានរស់នៅ ឬកាន់កាប់ដីភោគ: ជាប់ជើងភ្នំដូងព្រះ ក្នុងសង្កាត់អូរអំបិល និងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រតិកម្មនឹងក្រុមហ៊ុន គង់ មាន ដែលតំណាងដោយ លោក សាំង គង់ បានឡើងទៅចាប់ ដីភ្នំដូងព្រះ ដោយអះអាងថា គ្រោងនឹងអភិវឌ្ឍន៍ ជារីសត ប៉ុន្តែបានប៉ះទង្គិចជាមួយ ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ខេត្ត.ក្រុង និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត បានឡើងទៅពិនិត្យ ដោះស្រាយបញ្ហាចម្រូងចម្រាស់ នោះ។

ប្រជាពលរដ្ឋ បានសំអាងថាៈ ពូកគេបានកាន់កាប់ដីនៅជើងភ្នំ និងចង្កេះភ្នំដូងព្រះនោះ ហើយ ត្រូវបានក្រុមហ៊ុន ខាងលើ ជីកចូកកាយ ចាក់លុបប៉ះពាល់ ឬរំលោភយកដីរបស់ពួកគាត់។

ប្រជាពលរដ្ឋ បានឲ្យដឹងថាៈ ដីតំបន់ភ្នំដូងព្រះនេះ កាលពីអាណត្តិលោក សួន បវរ ជាអភិបាល ខេត្តបន្ទាយមានជ័យ (មុនឆ្នាំ២០១៩) ដែលបានគ្រោងយកទីតាំងដីភ្នំព្រះនេះ ទំហំជាង ២០ ហិកតា សំរាប់គម្រោងសាងសង់ស្តាត (ពហុកីឡដ្ឋាន) ដោយរដ្ឋបាលខេត្ត បានប្រគល់ឱ្យក្រុមហ៊ុន អ៊ី អិល អេច (ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូ អភិវឌ្ឍន៍ ដោយត្រួសត្រាយកាយពង្រាបភ្នំ និងចូកកាយ ដឹកដីចេញ យកទៅលក់។ ពោលគឺ គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តនេះ ទុកជាកេរមរតកផង និងទុកត្រៀមត្រង កម្មវិធីខ្លះ នៃគម្រោងប្រកួតកីឡាប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ឬ សុីហ្គេម (SEA GAME) នៅឆ្នាំ២០២៣ ខាងមុខ ។

ប៉ុន្តែក្រៅពីកាយពង្រាប ចូលជីកដឹកដី រាប់រយពាន់ឡាន លក់នោះ គម្រោងសាងសង់ស្តាត ខេត្ត អគារលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្ត រៀបចំការបោះឆ្នោត ការសាងសង់ មជ្ឈមណ្ឌល រដ្ឋបាលកីឡា អន្តេវាសិក ឬក្រុងរណបផងនោះ វាបានក្ស័យទុន ឬ ដួលរលំ ។

ប្រជាពលរដ្ឋ បានបន្តថាៈ ទោះបីជាគម្រោងនោះ មានវាសនាដូចខាងលើ ក៏រដ្ឋបាលខេត្ត នៅតែឱ្យក្រុមហ៊ុន EHL ខាងលើ និងអាជ្ញាធរមានសមត្ថកិច្ច ថែរក្សាការពារទីតាំងដី ភ្នំដូងព្រះ ដែលកាយពង្រាបនោះ ទុកជារបស់រដ្ឋ ។ ដ្បិតអី ការបង្កើតគម្រោងស្តាត និងរចនាសម្ព័ន្ធនោះ គឺសម្រាប់ជាប្រយោជន៍រួម របស់ជាតិ និងខេត្តនោះ ប្រជាពលរដ្ឋ មិនជំទាស់ ហើយមានតែសាទរ និងថ្លែងអំណរអរគុណថែមទៀត។ ប៉ុន្តែ ពួកគេមានការសោក ស្តាយ ដោយសារគម្រោងនោះ មិនដំណើរការបន្តទៀត គឺនៅសល់តែសកម្មភាពចូលជីក កាយដឹកដី លក់ប៉ុណ្ណោះ។

លុះដល់ ថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ស្រាប់តែមានមន្ត្រីរដ្ឋបាល ខេត្តបន្ទាយមាន ជ័យ ដឹកនាំដោយលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរបរិស្ថាន ខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ត្រីសូរិយោដីខេត្ត អភិបាលរង នៃរដ្ឋបាលសាលាក្រុង សិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត រួមនឹងលោក សាំង គង់ (មន្ត្រីទីចាត់ការ វិនិយោគខេត្ត) បាននាំគ្នាឡើងទៅវាស់វែងដីជើងភ្នំ ចង្កេះភ្នំ នៃភ្នំដូងព្រះ ដូចខាងលើ ឲ្យបានត្រឹមត្រូវ ដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុន គង់ មាន យកទៅវិនិយោគ ជារមណីយដ្ឋាន ទេសចរណ៍ (Resort )។ សកម្មភាពនេះ បានធ្វើឱ្យពលរដ្ឋ ដូចខាងលើ ព្រួយបារម្ភ និងជំទាស់ ហើយថា ក្រុមហ៊ុននេះ បានបង្កប៉ះពាល់ និងរំលោភយកដីភោគៈរបស់ពួកគេ ។

ករណីនេះ លោក សាំង គង់ បានគម្រាមកំហែង និងព្រមានអ្នកសារព័ត៌មានថា បើថតរូប និងធ្វើសេចក្តីរាយការណ៍ព៌ត៌មាន ហើយចេញផ្សាយ ពីរឿងនេះ នឹងមានបញ្ហា ។ លោកបាន បន្តថាៈ ក្រុមហ៊ុនគង់ មាន និងលោក បានធ្វើអ្វីៗលើដីភ្នំដូងព្រះនោះ គឺអនុវត្តតែតាម អាជ្ញាធរខេត្ត អនុញ្ញាតច្បាប់ឱ្យប៉ុណ្ណោះ ហើយមិនបានទៅប៉ះពាល់ ឬរំលោភដីរបស់ពលរដ្ឋ ណាឡើយ។

ចំណែកលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បាននិយាយការពារ គម្រោងចាស់ (កសាងស្តាត និងហេដ្ឋារចនាសម្ព័ន្ធនានា) និងគម្រោងថ្មី (ដែលរដ្ឋបាលខេត្ត បានអនុញ្ញាត ឬ សម្រេចប្រគល់ដីភ្នំដូងព្រះ ឱ្យក្រុមហ៊ុនគង់ មានអ ភិវឌ្ឍន៍ជារីសត)។ ចំណែក ករណីដែលមានពលរដ្ឋ អះអាងថា ប៉ះពាល់ និងរំលោភយកដីពួកគេនោះ អាជ្ញាធរ និងមន្ត្រីជំនាញ នឹងពិនិត្យផ្ទៀងផ្ទាត់ ហើយដោះស្រាយ ជាក្រោយ ។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត រូបនេះ ក៏បានដាក់សម្ពាធ ដល់អ្នកសារព៍ត៌មានថា មិនឱ្យរាយការណ៍ពីបាតុភាពមិនប្រក្រតី ដែលមានពលរដ្ឋតវ៉ានឹងក្រុមហ៊ុន គង់ មាន នេះឡើយ៕/V