ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖ក្បាច់គុនបុរាណដែលត្រូវបានបញ្ជាក់ថាជាអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ “គុនល្បុក្កតោ”នោះត្រូវបានចុះ ទៅក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO)ជាផ្លូវការហើយនៅថ្ងៃទី២៩ខែវិច្ឆិកានេះ។នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិរបស់អង្គការយូណេស្កូរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅយប់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២នេះ។

ដោយឡែកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចបានស្រង់សេចក្តីរាយការណ៍របស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលគោរពជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីដោយមានខ្លឹមសារថា”សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់​
នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលេីកទី​ ១៧​ គណៈកម្មាធិការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកភណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ ‘’គុនល្បុកតោ​‘’ នៅថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១នាទីម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​ ត្រូវគ្នានឹងម៉ោង​ ២២:៣១នាទី​ នៅប្រទេសកម្ពុជាយេីង។ ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញេីជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហេីយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនព័ត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡេីយ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់។ សកុណា”។នៅចុងបញ្ចប់នៃខ្លឹមសារនេះសម្តេចតេជោបានសរសេរថា “សូមអបអរសាទរថ្ងៃ២៩វិច្ឆិកា២០២២
ហ៊ុន សែន”។

សូមជម្រាបថាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបរាប់ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាបានជ្រាបថា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ លើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបា នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះ គុនល្បុក្កតោ ក្នុង បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមសេចក្ដីសម្រេច17.COM7.b.1។

ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារនិង លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រនិងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបន្តចូលរួម ថែរក្សាការពារ និងលើកតម្កើងតម្លៃមត៌កវប្បធម៌ជាតិឲ្យសម្រេចបានជោគជ័យនិងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ជាចុងក្រោយថា”កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!”៕សរន

https://fb.watch/h6Vq53_GGi/

(រូបថត ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន)