ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតន: អភិបាលខេត្តកំពង់ធំ បានដាក់នូវយន្តការសំខាន់ៗជាច្រើនចំណុច ក្នុងគោលបំណង ធានាឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន តាមរយៈការការពារសុវត្ថិភាព នៃការដឹកជញ្ជូន និងការរក្សាទុកដាក់ប្រធានវិញ្ញាសា និងសន្លឹកកិច្ចការបេក្ខជន ការចាត់ចែងកម្លាំងប្រចាំការ និងចល័ត នៅតាមមណ្ឌលប្រឡងនានា ការរក្សាសុវត្ថិភាពបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា ការសហការដកហូតសំណៅឯកសារ និងការក្សាទុកដាក់សម្ភារៈនានា ពិសេសការសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើរទៅមកពាក់ព័ន្ធនឹងកាប្រឡង។

ការកំណត់យន្តការ ខាងលើនេះ នាឱកាស លោកអភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការ សម្របសម្រួល ការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត។

លោក ងួន រតនៈ បានបន្តទៀតថាៈ ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡង មកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង ស្រុក ក្នុងនាមជាម៉ែឪ ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ ឲ្យបានល្អ និងធ្វើសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតមណ្ឌលប្រឡង ឬពិធីបុណ្យផ្សេងៗជាដើម មិនត្រូវបង្កឲ្យមានសំឡេងរំខាន ដល់មណ្ឌលប្រឡងនោះទេ។ ម្យ៉ាងវិញទៀត ចំពោះសិស្សក្រីក្រ ដែលមិនមានលទ្ធភាព មកប្រឡងបាក់ឌុប អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅ ឲ្យបានសមរម្យ ។ ចំពោះការផ្ញើកង់ ឬ ម៉ូតូរបស់សិស្ស គឺមិនតម្រូវឲ្យយកលុយនោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំ មាន ១២ មណ្ឌលប្រឡង ស្មើនឹង ២២៤ បន្ទប់ ក្នុងនោះ មានផ្នែកវិទ្យាសាស្ត្រ៖ មាន ២ មណ្ឌល ៥៣ បន្ទប់ មានបេក្ខជនសរុប ១.៣០៦ នាក់ ស្រី ៧៨០ នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន ១០ មណ្ឌល មាន ១៧១ បន្ទប់ បេក្ខជនសរុប ៤.២៦០ នាក់ ស្រី ២.២៩៥ នាក់៕/V-PC