ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានកោតសរសើរ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រីបច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍប្រភេទកីឡានេះ រហូតជ្រើសរើស បានអត្តពលិក មានសមត្ថភាពល្អៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព និងមេដាយ ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

លោកថ្លែងបែបនេះ នៅក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ដែលបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ។

ការប្រកួតកីឡាជាតិលើកទី៣ លើប្រភេទកីឡាកាយសម្ព័ន្ធ ឆ្នាំ២០២២ ទទួលបាននូវលទ្ធផលល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់ សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ លទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក។ ពិសេសការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសមាជិកប្រតិបត្តិសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយការលះបង់ពេលវេលា និងកិច្ចខិតខំរបស់មន្ត្រីបច្ចេកទេស។

លោកបណ្ឌិត ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះដោយគោរពបាន តាមការណែនាំរបស់គណៈកម្មាធិការរៀបចំ កីឡាជាតិលើកទី៣ រួមមាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ហាបច្ចេកទេស ក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបធ្វើឱ្យការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន តាំងពីដើមរហូតចប់។

កន្លងមកនេះ កីឡាកាយសម្ព័ន្ធ បានទទួលមេដាយ ពីកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយប្រាក់ ចំនួន ៣ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ព្រមទាំងមេដាយ ជើងឯកអាស៊ីលើកទី៧ ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ ដោយទទួលបានមេយប្រាក់ ២គ្រឿង និងសំរឹទ្ធ ១គ្រឿង បន្ថែមទៀត។

លោកបណ្ឌិត ថោង ខុន សំណូមពរឱ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់បទពិសោធន៍បច្ចេកទេស ពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹកគ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនេះមកបង្ហាត់បង្រៀន ដល់កីឡាករ កីឡាការិនី ឱ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាស ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភាឆ្នាំ២០២៣ និងសូមឱ្យសហព័ន្ធ ខិតខំបំផុសមហាជន ឱ្យស្រឡាញ់ចូលចិត្ត ហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធ បន្ថែមទៀត នៅគ្រប់រាជធានី-ខេត្ត។

លោកប្រធានសហព័ន្ធ ក៏បានកោតសរសើរចំពោះប្រតិភូដឹកនាំកីឡាកាយសម្ព័ន្ធ នៃក្រសួងខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ចូលរួមការប្រកួតខាងលើ ប្រកបដោយមិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺ ឈរលើស្មារតី លេងកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និង Fair Play ។

ដើម្បីជំរុញកីឡាកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតអន្តរជាតិនានា ជាពិសេស ការត្រៀមលក្ខណៈ ឱ្យបានពេញលេញ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ លោកបណ្ឌិត ថោង ខុន បានផ្ដល់អនុសាសន៍ ៥ ចំណុចសំខាន់ៗ រួមមាន៖
១៖ បណ្តុះបណ្តាលថ្នាលតាមកម្រិតអាយុ បង្កើនបរិមាណ និងគុណភាពកីឡាករ កីឡាការិនី តាមក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ។

២៖ ពង្រឹងសមត្ថភាព ចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។

៣៖. ជំរុញឱ្យមានការរៀបចំការប្រកួត ឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។

៤៖ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ទូទាំងប្រទេស ឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍន៍ បន្ថែមទៀត។

៥៖ជំរុញឱ្យមានការចូលរួម ប្រកួតជាលក្ខណៈអន្តរជាតិ ឱ្យបានច្រើន មុនពេលកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់៕/V-PC