ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ វិច្ឆិកា នេះ ការប្រកួតប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ។

អ្នកឈ្នះ នឹងបានទទួលមេដាយមាស ចំពោះអ្នកចាញ់ បានទទួលមេដាយប្រាក់។ មាន៩ ប្រភេទទម្ងន់ ដែលត្រូវប្រកួតផ្ដាច់ព្រ័ត្រ។សម្រាប់ទម្ងន់ ៤៨ គីឡូក្រាម អ្នកប្រដាល់ អំ ខេម មកពីខេត្តកណ្ដាល ប្រកួតផ្ដាច់ព្រ័ត្រ ជាមួយអ្នកប្រដាល់ ឈុន សិលា មកពីខេត្តព្រៃវែង ។ ទម្ងន់ ៥១ គីឡូក្រាម វណ្ណា សំណាង មកពីខេត្តកណ្ដាល ប្រកួតផ្ដាច់ព្រ័ត្រជាមួយ នៅ សុខទី មកពីក្រសួងមហាផ្ទៃ។ទម្ងន់ ៥៤ គីឡូក្រាម សៅ រង្សី ក្លិបក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រ ជាមួយដុស រតនា មកពីក្រសួងមហាផ្ទៃ ។ ណាត សៀកនិន ក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ជាមួយអ្នកប្រដាល់ សេង សាយ មកពីខេត្តកែប។
ទូច ដេវីដ មកពីក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមជាមួយអ្នកប្រដាល់ ម៉ាង សាម៉េត មកពីក្រសួងមហាផ្ទៃ។ ប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម អ្នកប្រដាល់ វ៉ែន រដ្ឋា ក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ តាំ តឺត របស់ក្រសួងការពារជាតិ។ ប្រភេទទម្ងន់ ៦៧ គីឡូក្រាម ផល សុភ័ក្រ ក្លិបក្រសួងមហាផ្ទៃ ប្រកួតផ្ដាច់ព្រ័ត្រជាមួយ សែម កក្កដា មកពីខេត្តកែប ។ ប្រភេទទម្ងន់ ៧១ គីឡូក្រាម ហ៊ុន គឹមហៀង មកពីខេត្តកែប ប្រកួតផ្ដាច់ព្រ័ត្រជាមួយ គឹម វាសនាក្រសួងការពារជាតិ ។ ចំពោះប្រភេទទម្ងន់ ៧៥ គីឡូក្រាម អ្នកប្រដាល់ ម៉ៅ វិឆ័យ ក្លិបក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រជាមួយ ញ៉ឹក ឈៀង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕/V-PC