ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការបង្ហាញខ្លួនដំបូងរបស់ កីឡាទូកក្តោងកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ បានក្លាយជាផ្នែកមួយ ដ៏មានសារសំខាន់ ក្នុងការដុសខាត់សមត្ថភាពអត្តពលិក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រម ដើម្បីធានាបាន នូវការត្រៀមខ្លួនល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជាលោក សោម សុទ្ធរិទ្ធីពង្ស បានឲ្យដឹងថាៈ ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គឺដំណើរការដោយជោគជ័យ និងរលួន ដែលជាការបង្ហាញភាពរីកចម្រើនរបស់ កីឡាទូកក្តោងកម្ពុជាពីព្រោះ សហព័ន្ធ ធ្លាប់បានរៀបចំការប្រកួតកម្រិតអន្តរជាតិ គឺជើងឯកទូកក្តោងអាស៊ីអាគ្នេយ៍ កាលពីខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។

ការរៀបចំកាលនោះ ទទួលបានការកោតសរសើរ ពីកីឡាករ និងគណៈកម្មការអន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកទេស និងការរៀបចំទីលានប្រកួតជាដើម។ ទាំងនេះ បានផ្តល់ឲ្យសហព័ន្ធ មានក្តីរំពឹងខ្ពស់ និងជាទុនមួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ គឺសហព័ន្ធ បានត្រៀមខ្លួនរួចជាស្រេច ទាំងមន្រ្តីបច្ចេកទេស ទាំងចៅក្រម និងអាជ្ញាកណ្តាល។ ជាមួយគ្នានេះ សហព័ន្ធ ក៏មានអាជ្ញាកណ្តាលអន្តរជាតិ ដែលធ្លាប់បណ្តុះបណ្តាល នៅប្រទេសសិង្ហបុរី និង ថៃ ដែលអាចចូលរួមកាត់សេចក្តីលើការប្រកួតអន្តរជាតិ ដែលសហព័ន្ធ គ្រោងនឹងរៀបចំ នាពេលខាងមុខនេះ។

លោក សោម សុទ្ធរិទ្ធីពង្ស បានអះអាងថាៈចំពោះកីឡាករ កីឡាការិនី មកពី ៥ រាជធានី-ខេត្ត និងក្រសួង មានសិទ្ធផល និងបច្ចេកទេសរីកចម្រើនខ្លាំង ដែលអាចប្រកួតប្រជែងជាមួយគ្នាបាន ពោលគឺ មិនចាញ់អត្តពលិកជម្រើសជាតិនោះទេ។

ជាលទ្ធផល ក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្តើមបានមេដាយច្រើនជាងគេ គឺ មាស ៣ លេខ២ ខេត្តកែប មាស១ ប្រាក់១ និងសំរិទ្ធ១ និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ឈរលេខ៣ ដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធ១ ដូចគ្នា។

ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានដាក់មន្រ្តីបច្ចេកទេស ២៥ រូប និងចៅក្រម ៣ រូបដែលធ្លាប់ទទួលបាន ការបណ្តុះបណ្តាល ពីគ្រូអន្តរជាតិ។ សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធ ត្រៀមមន្រ្តីបច្ចេកទេស ៤៥ រូប និងចៅក្រមអន្តរជាតិ ៥ រូប ក្នុងនោះមានកម្ពុជាមួយរូបទៀតផង៕/V-PC