ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានអញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាលើក
ទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក សំ សុខយី បានប្រាប់ឲ្យដឹងថាៈ ស្របតាមគោលការណ៍រដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំ
ព្រឹត្តិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២២ និងគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា ទើបសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រៀបចំការប្រកួតកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ​លើកទី៣ ឆ្នាំ២០២២ ចាប់ពី ថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រកួត មានវត្តមាន ប្រតិភូ គ្រូបង្វឹក​កីឡាករកីឡាការិនី ៣៨ នាក់ មកពីក្រសួងមហាផ្ទៃ និងខេត្ត ៧ គឺខេត្តកែប កំពត ព្រសីហនុ កោះកុង បាត់ដំបង កំពង់ចាម និងកណ្តាល។

លោក ផាត់ បញ្ញាសុជាតក៍ បានកោតសរសើរ ចំពោះប្រតិភូដឹកនាំ កីឡាកាយសម្ព័ន្ធនៃក្រសួង ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ចូលរួម ការប្រកួតខាងលើ ប្រកបដោយមិត្តភាព សាមគ្គីភាព និងគោរពបានត្រឹមត្រូវ​តាមបទបញ្ជា បច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺ ឈរលើស្មារតី លេងកីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និង Fair Play៕/V-PC