ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អ្នកធាក់ស៊ីក្លូ និងរួមទាំងពលរដ្ឋក្រីក្រ ប្រមាណជាង ៣០០ នាក់ ត្រូវបានទទួលអំណោយ និងកាត់សក់ ដោយឥតគិតថ្លៃ ពីសមាគមមិត្តយើង ដែលជាការមួយ ចូលរួមរំលែកពីការខ្វះខាតជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់។

គួរបញ្ជាក់ថា យុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” និងក៏ដូចជា ផ្តល់អំណោយដល់ អ្នកធាក់ស៊ីក្លូ និងពលរដ្ឋក្រីក្ររបស់សមាគមមិត្តយើង លើកនេះដែរ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើង បានលើកឡើង ក្នុងពិធីកាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថាៈ នេះជាលើកទីបី ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ។ ការរៀបចំឡើងនេះដែរ ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបាននូវ សេវាកម្មមួយនេះ ពោលគឺ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

កញ្ញា ផាន់ សុនីតា បានលើកឡើងថាៈ​ ថ្ងៃនេះ សមាគម បាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗ នៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្ម កាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នក ដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ ទទួលបាននូវ សេវាកម្មសក់ស្អាត។

ប្រធានសមាគម បានឲ្យដឹងថាៈ សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។ កម្មវិធីបីលើកមកនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ១ ពាន់នាក់ ។ ជាមួយគ្នានោះ ​យើងមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងកម្មវិធីបីលើកនេះ យើងបានផ្តល់កញ្ចប់ជំនួយនេះ ដល់ពួកគាត់អស់ប្រមាណជាង ១ ពាន់កញ្ចប់នេះ មិនរួចចូលសកម្មភាពផ្សេងៗ ដែលសមាគមយើងបានធ្វើកន្លងមកនោះទេ។

កញ្ញា បានបន្ថែមថាៈ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពី សំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជា ជាងកាត់សក់ជាង ៥០ នាក់ តំណាងក្រុមហ៊ុនដៃគូ សហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូន បងប្អូនកម្មករ និយោជិត នៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមកចូលរួមផ្ទាល់ ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវ សេវាកម្មសក់ស្អាត។

គួរបញ្ជាក់ថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើង ក៏មានការចែកជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលបានចូលរួម នាពេលនេះផងដែរ ដោយក្នុង ១នាក់ នឹងទទួលបានកញ្ចប់ ជំនួយមិត្តយើង ១កញ្ចប់ ដើម្បីសម្រួលជីវភាពបន្ថែម៕/V-PC