ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​៖ ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ជា​ឧបករណ៍​មួយ​កំណត់​នូវ​គោលការណ៍​គ្រឹះ​ជា​មូលដ្ឋាន​ស្របតាម​ច្បាប់​ជាតិ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ទាំងអស់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ការទទួលខុសត្រូវ និង​គោរព​ក្រមសីលធម៌​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និង​ការគ្រប់គ្រង​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។​

​គួរ​បញ្ជាក់ថា​៖ ការ​ថ្លែង​ពី​សំណាក់ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា និង​ពិធី​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​វាយតម្លៃ​សាកល្បង នៃ ការអនុវត្ត​ក្រមសីលធម៌​សម្រាប់​ទី​ភ្នា​ក់​ជ្រើសរើស​ឯកជន​កម្ពុជា ធ្វើឡើង​នៅ​សណ្ឋាគារ សាន់វ៉េ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ។​

​លោក អ៊ិត សំហេង​បានបញ្ជាក់​បន្ថែមថា ៖​ក្រមសីលធម៌​នេះ​នឹង​រួមចំណែក​ពង្រឹង​ប្រសិទ្ធិភាព​នៃ​ការការពារ ការលើក​កំពស់​សិទ្ធិ​ការងារ ក៏ដូចជា​សុខុមាលភាព​របស់​ពល​ករទាំង​នៅក្នុង​ស្រុក និង​នៅ​បរទេស​។ លើសពីនេះ​ទៀត ក្រមសីលធម៌​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ការអនុវត្ត​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ប្រកបដោយ​គណនេយ្យភាព​ផង ហើយក៏​ជា​ប្រភព​ដែលមាន​សារៈប្រយោជន៍ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​អាច​បញ្ជាក់បាន​អំពី​ការរំពឹងទុក​របស់​ព​លករ​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ទាក់ទង​ទៅនឹង​បទពិសោធន៍​ទេសន្តរប្រវេសន៍​ការងារ​របស់​ពួកគេ​។​

​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា និង​ប្រព័ន្ធ​វាយតម្លៃ​សាក​ល្ប ង​នៃ​ការអនុវត្ត​ក្រមសីលធម៌ ទទួលបាន​ការគាំទ្រ​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO សមាគម ACRA និង​សមាគម MAC ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង ស្តីពី​ការជ្រើសរើស​ពលករ​ប្រកបដោយ​យុត្តិធម៌​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

​លោក រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​ទី​ភ្ញាក់​ងារ​ជ្រើសរើស​ឯកជន​ទាំងអស់​ដែល​បានទទួល​អាជ្ញា​បណ្ណ​ពី​ក្រសួង ចូលរួម​ក្នុងការ​អនុវត្ត​នូវ​ក្រមសីលធម៌​ដ៏​មាន​សារសំខាន់​នេះ ដើម្បី​បង្ហាញឱ្យឃើញ​ការ​បេ​ជ្ញា​ចិត្ត​ខ្ពស់​របស់ខ្លួន​ក្នុងការ​ការពារ​សិទ្ធ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលករ​។​
លោក បានបញ្ជាក់​បន្ថែមថា​៖ បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ពលករ​ស​រុ​ប​ចំនួន​ប្រមាណ​ជាង ១​លាន​២​សែន​នាក់​។ បើតាម​ការប៉ាន់ស្មាន​ព​លករ​កម្ពុជា បាន​ផ្ញើរ​ថវិកា​មក​កម្ពុជា​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។ នៅពេល​បញ្ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់មក​កម្ពុជា​វិញ ពួកគាត់​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពីព្រោះ​តាមរយៈ ការធ្វើការងារ​នៅ​បរទេស ពួកគាត់​មិន​ត្រឹមតែ​អាច​រកប្រាក់​ចំណូល​បាន​បន្ថែម​ទេ ថែមទាំង​ទទួលបាន​នូវ​ជំនាញ បទពិសោធន៍ ចំណេះដឹង​ភាសា និង​របៀបរបប​រស់​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀតផង​។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ “​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​ចល័តភាព​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេស​ន្ត​រ​ប្រវេ​សក៍​ក្នុង​តំបន់​អាស៊ាន​” ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​អាណត្តិ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ២០២២ ទើបតែ​ទទួលបាន​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១​។ នេះ​ជា​សមិទ្ធិផល​ដ៏​សំខាន់​មួយទៀត​របស់​អាស៊ាន និង​ជាការ​បោះ​ជំ​ហ៊ាន​ដ៏​ធំ​ឆ្ពោះទៅកាន់​ការធ្វើ​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេស​ន្ត​រ​ប្រវេ​សក៍​អាស៊ាន ស្របតាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍ និង​ឯកច្ឆន្ទ​ភាព​អាស៊ាន​ស្តីពី​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេ​សន្តរ​ប្រវេ​សក៍​៕