ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះប្រដេញរបស់ខ្លួនបានរួសរាន់ទៅស្ទាក់ផ្លូវយន្តហោះចិនចំនួនពីរនិងយន្តហោះរុស្ស៊ីចំនួនប្រាំមួយគ្រឿងដែលបានហោះចូលក្នុងអ្វីដែលកូរ៉េខាងត្បូងអះអាងថាជាតំបន់បញ្ជាក់អត្តសញ្ញាណដែនអាកាស(KADIZ)របស់ខ្លួនកាលពីថ្ងៃពុធ។
នាយសេនាធិការកងទ័ពចំរុះកូរ៉េខាងត្បូង បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកធុនH-6របស់ចិន បានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េនៅឯនាយឆ្នេរខាងត្បូងនិងឦសានរបស់កូរ៉េខាងត្បូង ចាប់ពីម៉ោង៥និង៥០នាទីព្រឹកមុនចាកចេញទៅវិញ។ពួកវាបានចូលក្នុងតំបន់ដដែលនេះនៅប៉ុន្មានម៉ោងក្រោយដោយចេញពីសមុទ្រជប៉ុន ឬសមុទ្រខាងកើត តែម្តងនេះជាមួយយន្តហោះចម្បាំងរុស្ស៊ី រួមមានយន្តហោះទម្លាក់គ្រាប់បែក TU-95និងយន្តហោះSU-35ហើយបានចេញទៅវិញក្រោមហោះចូលតំបន់នេះអស់១៨នាទី។
យន្តហោះទម្លាក់គ្រាប់បែកធុនH-6របស់ចិន និងយន្តហោះទម្លាក់គ្រាប់បែក TU-95និងយន្តហោះSU-35របស់រុស្ស៊ី
នាយកសេនាធិការកងទ័ពចំរុះបាននិយាយទៀតថា «យោធារបស់យើងបានបញ្ជូនចេញយន្តហោះប្រដេញមុនយន្តហោះចិននិងរុស្ស៊ីហោះចូលតំបន់ការពារដែនអាកាសដើម្បីអនុវត្តវិធានការកលយុទ្ធនិងត្រៀមសំរាប់យថាហេតុណាមួយ។យន្តហោះចិននិងរុស្ស៊ីមិនបានរំលោភដែនអាកាសកូរ៉េខាងត្បូងទេ»។
តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសណាមួយជាតំបន់ដែលប្រទេសនានាទាមទារអោយយន្តហោះបរទេសចាត់វិធានការបង្ហាញអំពីអត្តសញ្ញាណខ្លួនឯង។រុស្ស៊ីមិនទទួលស្គាល់តំបន់កំណត់អត្តសញ្ញាណរបស់កូរ៉េទេ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថា តំបន់នេះមិនជាដែនអាកាសរបស់ប្រទេសណាមួយហើយគ្រប់ប្រទេសមានសិទ្ធិបើកឆ្លងកាត់វាដោយសេរី។
កងកម្លាំងស្វ័យការពារជប៉ុនក៏បានបញ្ជូនចេញយន្តហោះចម្បាំងបន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកចិនបានហោះចេញពីសមុទ្រចិនខាងកើតចូលក្នុងសមុទ្រជប៉ុន កន្លែងដែលពួកវាបានចូលរួមជាមួយយន្តហោះរុស្ស៊ីពីរទៀត។
កាលពីមុនចិននិងរុស្ស៊ីបាននិយាយថា យន្តហោះរបស់ពួកគេបានធ្វើសមយុទ្ធរួមគ្នាក្នុងតំបន់នេះជាទៀងទាត់តាមកាលកំណត់ទុកជាមុន៕