ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: មន្ទីរវប្បធម៌និង វិចិត្រសិល្បៈបានរៀបចំមហោស្រព បង្ហើរខ្លែងខ្មែរ លើក ទី ១នៅ ថ្ងៃ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ បរិវេណកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពី ។ពិធីនេះដើម្បីជ្រើសរើសយកខ្លែងដែលមានភាពល្អឯក។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានថ្លែងថា ការរៀបចំមហោស្រពបង្ហើរខ្លែង នេះ ក្នុងគោលបំណងថែរក្សាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិនិង ជំរុញលើកកម្ពស់វិស័យទេសចរណ៍ ខេត្តក៏ដូចជាបង្កើតឱកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាព្រឹត្តិការណ៍នេះផងដែរ។

លោកបន្តថា សម្រាប់មហោស្រពបង្ហើរខ្លែងខ្មែរថ្ងៃនេះគឺមានខ្លែងឯកចំនួន១៤មកពីតាមបណ្តាស្រុកនានាក្នុងខេត្តដែល បានចូលរួមប្រកួតប្រជែង។ចំពោះលក្ខខណ្ឌ វិនិច្ឆ័យសម្រាប់ការប្រកួតប្រជែងនេះគឺ ខ្លែងត្រូវមានទម្រង់ និង បច្ចេកទេស ផលិតល្អ សោភ័ណភាពល្អ ( វិចិត្រកម្ម ) បង្ហើរឡើងនិងដាក់ចុះបានល្អ។

លោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងថា នេះជាលើកទី ១ សម្រាប់ខេត្តកំពង់ស្ពឺដែលបាន ប្រារព្ធពិធីបើក មហោស្រព បង្ហើរខ្លែងខ្មែរប្រចាំឆ្នាំ ២០២២ ។នេះគឺជាការចូលរួមចំណែក អនុវត្តគោលនយោបាយជាតិវិស័យវប្បធម៌ ក្នុងន័យ ជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយ វប្បធម៌ឱ្យបានទូលំទូលាយ ។ ការបង្ហើរខ្លែង ខ្មែរ មិនគ្រាន់តែបង្កឱ្យប្រជាជនសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់ យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹងនិងចូលរួមប្រតិបត្តិ ថែរក្សាការពារអត្តសញ្ញាណជាតិផងដែរ ។

សូមបញ្ជាក់ថាបើយោងតាមកម្រងឯកសារស្តីពីប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយ ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានលើកឡើង ថា « ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរដែលរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និង ប្រើប្រាស់ថាមពលធម្មជាតិ សម្រាប់បម្រើដល់ការរស់នៅនិង ការកម្សាន្ត ។ ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់ គោរពបូជា ដល់សាសនាសំខាន់ទាំងពីរផងដែរ ដែលប្រជាជនខ្មែរ ធ្លាប់ជឿនិងគោរពតាំងពីដើម រៀងមក។ការ បង្ហើរខ្លែងធ្វើឡើងដើម្បីគោរពបូជាដល់ព្រហ្មញ្ញសាសនាផង និង ព្រះពុទ្ធសាសនាផងដែរ៕សរន / N