ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ ការប្រកួតប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ បានរកឃើញម្ចាស់មេដាយមាសហើយ ។ នេះជាការប្រកួតចុងក្រោយ ដែលអ្នកឈ្នះ នឹងគ្រងតំណែងជាម្ចាស់មេដាយមាស ចំពោះអ្នកចាញ់ បានមេដាយប្រាក់។

សម្រាប់ទម្ងន់ ៤៨ គីឡូក្រាម អ្នកប្រដាល់ អំ ខេម មកពីខេត្តកណ្ដា ​បានប្រកួតផ្ដាច់ព្រ័ត្រ ឈ្នះអ្នកប្រដាល់ ឈុន សិលា មកពីខេត្តព្រៃវែងដោយពិន្ទុ។ ទម្ងន់ ៥១ គីឡូក្រាម វណ្ណា សំណាង មកពីខេត្តកណ្ដាល ត្រូវអ្នកប្រដាល់ នៅ សុខទី មកពីក្រសួងមហាផ្ទៃ វាយឲ្យ សន្លប់មុនស្នូរជួង បញ្ចប់ទឹកទី១ ។

ទម្ងន់ ៥៤ គីឡូក្រាម សៅ រង្សី ក្លិបក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រឈ្នះ ដុស រតនា
ក្រសួងមហាផ្ទៃដោយពិន្ទុ។ ទម្ងន់ ៥៧ គីឡូក្រាម ណាត សៀកនិន ក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រ ឈ្នះអ្នកប្រដាល់ សេង សាយ មកពីខេត្តកែប ដោយអាជ្ញាកណ្ដាល បញ្ឈប់នៅទឹកទី២ ។

ទូច ដេវីដ ក្រសួងការពារជាតិ​ប្រកួតផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ប្រកួតផ្ដាច់ព្រ័ត្រ ឈ្នះអ្នកប្រដាល់ ម៉ាង សាម៉េត ក្រសួងមហាផ្ទៃដោយពិន្ទុ។ ទម្ងន់​៦៣,៥០ គីឡូក្រាម អ្នកប្រដាល់ វ៉ែន រដ្ឋា ក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតផ្ដាច់ព្រ័ត្រ ជាមួយអ្នកប្រដាល់ តាំ តឺត របស់ក្រសួងការពារជាតិ ចុះចាញ់ នៅក្នុងទឹកទី១ ។

ទម្ងន់ ៦៧ គីឡូក្រាម ផល សុភ័ក្រ ក្លិបក្រសួងមហាផ្ទៃ ប្រកួតផ្ដាច់ព្រ័ត្រ ឈ្នះ សែម កក្កដា
មកពីខេត្តកែប នៅទឹកទី១។ ទម្ងន់ ៧១ គីឡូក្រាម​ហ៊ុន គឹមហៀង មកពីខេត្តកែប ប្រកួតផ្ដាច់ព្រ័ត្រ ចាញ់ គឹម វាសនា ក្រសួងការពារជាតិ ដោយពិន្ទុ។​​​ ចំពោះទម្ងន់ ៧៥ គីឡូក្រាម អ្នកប្រដាល់ម៉ៅ វិឆ័យ ក្លិបក្រសួងការពារជាតិ ប្រកួតផ្ដាច់ព្រ័ត្រឈ្នះ ញ៉ឹក ឈៀង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិន្ទុ ៕ V / N