ដោយៈម៉េងឆៃ/ភ្នំពេញ៖ក្រសួងសុខាភិបាលជូនដំណឹងថា មានផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថចំនួនបួនប្រភេទគ្មានលេខប្រវេទន៍ និងលេខបញ្ជិការទទួលស្គាល់ពីក្រសួងនោះឡើយ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាក្រសួងបានហាមឃាត់ការផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាព L.G.K, ឱសថឈ្មោះ MIRACLES, ឱសថឈ្មោះ KAMIN CHUN និងគ្រឿងសម្អាងឈ្មោះ I Care & Tcare Pharma ដែលផលិតផល និងឱសថទាំងនេះគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងឡើយ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលបំប៉នសុខភាពក្នុងប្រទេសកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ៖ «ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ញិកាដែលមាន បិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក គឺមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណឱសថ និងមានលេខបញ្ជិកា ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល»។

ក្រសួងសុខាភិបាលក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយផលិតផល បំប៉នសុខភាពគ្មានលេខបញ្ញិកាទាំងនេះជាបន្តទៀតឡើយ និងមិនត្រូវប្រើប្រាស់ផលិតផលទាំងនេះទេ ដោយសារផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលក៏តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ញិកា និងលេខប្រវេទន័ទាំងនេះជាបន្ទាន់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា៖«ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលដែលគ្មានលេខបញ្ជិកាខាង លើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»៕សរន