ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអះអាងថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមែនជាអង្គការឯករាជ្យទេ និងមិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ។ ដោយលោកបានទម្លាយថា CENTRALសម្រាប់ថ្ងៃអនាគាតអាចនឹងឈានទៅបង្កើតគណបក្ស ថ្មីមួយទៀត ហើយលោកស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញលើករណីទាំងនេះជៀសវាការបង្កើតចលាចល ណាមួយដោយបានជំនួយពីក្រៅប្រទេស ដើម្បីបង្កជាបបញ្ហាធ្វើឱ្យបាត់បង់សន្តិភាពនៅក្នុងប្រទេសកម្ពុជា។

លោក ហ្វា សាលី (រូបឯកសារ)
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះថា អ្វីដែលយើងឃើញទិដ្ឋភាពជាក់ស្តែង គឺមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមែនជាអង្គការឯករាជ្យទេ និងមិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ ហើយបានលូកដ៏ជ្រៅទាក់ទទងទៅនឹងការលួចបង្កើត លួចចងក្រងសហជីព ដូចជាករណីពួកគាត់បានយកអំណោយផ្សេងៗ ទៅលួចបង្កើតចងក្រងសហជីពដោយផ្តល់ជាហិរញ្ញវត្ថុផ្សេងៗ។ កន្លងមកក៏មានការប្រជុំជាក្រុមដែលយើងធ្លាប់ប្រជុំជាមួយអង្គការនានា ហើយខាងមន្ត្រី CENTRAL បានវត្តមានប្រជុំនោះ (មានលេខទូរស័ព្ទ) ដោយធ្វើការទំនាក់ទំនងដោយសម្ងាត់ ដើម្បីធ្វើការចងក្រង។ ដូច្នេះលោកមិនទោមនស្សអ្វីទេ ប៉ុន្តែលោកសូមអំពាវនាវដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបង្កលក្ខណៈមិនល្អប្រសើរ ដែលធ្វើឱ្យបងប្អូនកម្មករខាតបង់ផលប្រយោជន៍នៅថ្ងៃអនាគត។

ប្រធានសម្ព័ន្ធសហជីពជាតិយល់ឃើញថា “អង្គការមួយនេះ សម្រាប់ថ្ងៃអនាគតអាចនឹងឈានទៅបង្កើតគណបក្សថ្មីមួយទៀត អ៊ីចឹងហើយវាជារឿងនយោបាយ មិនមែនជារឿងការពារសិទ្ធិកម្មករ ដូចជាលក្ខណៈកម្មករសហជីពក្រុមហ៊ុនណាហ្គាវើលដ៏ដូចគ្នា យើងឃើញហើយថា បើសិនជាកម្មករយើងអត់មានលទ្ធភាពឯណាទៅធ្វើកូដកម្ម បាតុកម្ម រហូតដល់ជិតមួយឆ្នាំនោះទេ។ អ៊ីចឹងគឺអង្គការហ្នឹងឯងជាអ្នកឧបត្ថម្ភ អ្នកជួយពីក្រោយដូចជារឿងណាហ្គាវើលដ៏ជាដើម។ ខ្ញុំមិនប្តឹងមិនផ្តល់ទេ តែសូមអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់”។ ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញលើករណីទាំងនេះ ជៀសវាការបង្កើតចលាចលណាមួយដោយបានជំនួយពីក្រៅប្រទេស ដើម្បីបង្កជាបបញ្ហាធ្វើឱ្យសន្តិភាពនៅក្នុងប្រទេសកម្ពុជាប្រែប្រួលដូចកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។

ទាក់ទងករណីនេះ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាជាច្រើន បានធ្វើការប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត នៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ជាមន្ត្រីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (រូបឯកសារ)
យោងតាមលិខិតចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មេថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា បានជម្រាបជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថា “យើងខ្ញុំទាំងអស់គ្នាពិតជាមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និងពិនិត្យឃើញជាក់ស្ដែងជាបន្តបន្ទាប់ថាមានបុគ្គលដែលតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំដែលបានចូលរួមកម្មវិធីបណ្តុះបណ្ដាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។ សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឱ្យមានការបែកបាក់សាមគ្គីភាពនិងឯកភាពក្នុងចលនា កម្មករនិយោជិត និងធ្វើឱ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងខ្ញុំទាំងអស់គ្នា ហើយជាយថាហេតុធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍ បច្ចុប្បន្ននិងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីនេះ សកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ ទូទៅក្នុងការលើកកម្ពស់កម្លាំងនៃចលនាកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។ យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់អហង្ការចំពោះសកម្មភាព ដែលបង្កប់នូវចេតនាទុច្ចរិតទាំងនេះ ហើយទាមទារជាដាច់ខាតឲ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផល ប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា”។

ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជានឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពរបស់អង្គការ CENTRAL ហើយបើមិនបញ្ឈប់សកម្មភាពទុច្ចរិតទេ នឹងចាត់វិធានការម៉ឺងមាត់ដើម្បី ការពារជាដាច់ខាតនូវផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជាដោយ៖

បញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងបច្ចុប្បន្ននិងទៅអនាគត ដែលពាក់ព័ន្ធជាមួយអង្គការ CENTRAL។
ធ្វើការតវ៉ាទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យអំពីភាពស្របច្បាប់នូវរាល់សកម្មភាព របស់អង្គការ CENTRAL។
ចាត់វិធានការចាំបាច់ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបញ្ឈប់សកម្មភាពទុច្ចរិតទាំង អស់ដែលប៉ះពាល់ដល់ប្រយោជន៍រួមនៃចលនាកម្មករនិយោជិតនៅកម្ពុជា។

ទន្ទឹមនឹងនេះ មេថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា ទន្ទឹងរង់ចាំ និងបើកចំហដល់អង្គការ CENTRAL ដើម្បីបកស្រាយបំភ្លឺ ឬបញ្ជាក់ពីគោលជំហររបស់ខ្លួនលើករណីនេះដោយផ្ទាល់ ឬជាលាយលក្ខណ៍អក្សរ ព្រមទាំងបន្ត កិច្ចសហការប្រកបដោយសុឆន្ទៈដែលមានគោលដៅរួមក្នុងការលើកកម្ពស់ និងការពារផលប្រយោជន៍រួម របស់ចលនា កម្មករនិយោជិតនៅកម្ពុជា។

ទាក់ទងករណីនេះ មកដល់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមិនទាន់មានការឆ្លើយតប និងការបកស្រាយពីសំណាក់លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនៅឡើយទេ៕(ប្រភព AMS)