ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានព្យាយាមរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែន ហើយបានបញ្ជូនរថក្រោះ កាំភ្លើងត្បាល់និងកាំភ្លើងធំវាយលុកលើទីក្រុងឃើសុននៅភាគខាងត្បូង ខណៈសម្ពន្ធមិត្តលោកខាងលិចព្យាយាមពង្រឹងការគាំទ្រដល់អ៊ុយក្រែននិងប្រទេសជិតខាងប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។
មន្ទីរបញ្ចកោណបាននិយាយថា នៅទីក្រុងវ៉ាស៊ីនតោន កិច្ចសន្យាតម្លៃ ១,២ ពាន់លានដុល្លារសម្រាប់ប្រព័ន្ធមីស៊ីលលើផ្ទៃដីទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS)ចំនួនប្រាំមួយសម្រាប់អ៊ុយក្រែនត្រូវបានផ្តល់ជូនឱ្យទៅក្រុមហ៊ុន រ៉ាយធីអន(Raytheon)ផលិតសំរាប់អ៊ុយក្រែន ។
កាលពីថ្ងៃពុធទី៣០វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba)បាននិយាយថា ប្រទេសរបស់លោកត្រូវការប្រព័ន្ធការពារកាំជ្រួចភែតធ្រៀត( Patriot) ដែលផលិតដោយសហរដ្ឋអាម៉េរិកដើម្បីការពារហេដ្ឋារចនាសម្ពន្ធស៊ីវិលរបស់ខ្លួន ដែលបានរងការវាយប្រហារយ៉ាងខ្លាំងដោយរុស្ស៊ីនៅដើមរដូវរងានេះ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តោត “ការខឹងសម្បានិងភ្លើងកំហឹងរបស់គាត់” ទៅលើប្រជាជនស៊ីវិលអ៊ុយក្រែន ហើយបានព្រមានរុស្ស៊ីថា យុទ្ធសាស្ត្ររបស់ខ្លួននឹងបរាជ័យក្នុងការបំបែកអ្នកគាំទ្រអ៊ុយក្រែន។
លោកប្លីងកិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៊ុយការ៉េស (Bucharest) បន្ទាប់ពីកិច្ចប្រជុំពីរថ្ងៃរបស់អង្គការណាតូថា “កម្តៅ ទឹកអគ្គិសនី…ទាំងនេះគឺជាគោលដៅថ្មីរបស់ប្រធានាធិបតីពូទីន។ គាត់កំពុងវាយពួកវាយ៉ាងខ្លាំងក្លា។ អំពើឃោរឃៅលើប្រជាជនអ៊ុយក្រែនគឺព្រៃផ្សៃណាស់”។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) និងពួករដ្ឋមន្ត្រីបាននិយាយថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ កាលពីថ្ងៃពុធសម្ពន្ធមិត្តបានសន្យាជួយម៉ុលដាវី ហ្សកហ្ស៊ី និងបូស្ន៊ី-ហឺហ្សេហ្គោវីណា ខណៈពួកគេប្រឈមមុខនឹងសម្ពាធពីរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា លទ្ធផលនេះបង្ហាញថា ណាតូ”មិនចាប់អារម្មណ៍ជាដាច់ខាតចំពោះដំណោះស្រាយនយោបាយនិងការទូតនៅអ៊ុយក្រែន”៕
រុស្ស៊ីកំពុងបើកការវាយលុកខ្លាំងក្លានៅតំបន់ភាគខាងកើតអ៊ុយក្រែនជាពិសេសលើទីក្រុងឃើសុន និងបានអះអាងអំពីការវាយដណ្តើមបានភូមិពីរមកវិញ
ទាហានអ៊ុយក្រែននៅភាគខាងកើតប្រទេស