ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ក្រុម​ប្រណាំង​រថយន្ត​កា​រ៉ា​កម្ពុជា មាន​អ្នកបើកបរ កីឡាករ សោម សុ​កុសល និង​ជំនួយការ​អ្នក បើកបរ កីឡាករ វង្ស គីម​ហួត ដណ្តើមបាន​ចំណាត់​លេខ​១ នៅ​កម្រិត​រថយន្ត​ប្រើ​សាំង​ពី​ព្រឹត្តិការណ៍ ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ (Asia Cross Country Rally 2022) និង​ចំណាត់ថ្នាក់​លេខ​១១ ក្នុងចំណោម​រថយន្ត​សរុប​៣៤ បន្ទាប់ពី​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​១.៧០០​គីឡូម៉ែត្រ នៅលើ​ទឹកដី​ថៃ ៥​ដំណាក់កាល និង​បញ្ចប់​នៅមុខ​ប្រាសាទអង្គរវត្ត​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ដំណាក់កាល​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ខេត្តសៀមរាប​។​

​ម្ចាស់​ពានរង្វាន់ Rally 2022 កីឡាករ វង្ស គីម​ហួត បាន​គូសបញ្ជាក់ថា មានការ​សរសើរ ពី​អ្នក​ប្រណាំង​អន្តរជាតិ​ថា ដំណាក់កាល​ចុងក្រោយ​នៅ​កម្ពុជា​ថ្វីដ្បិតតែ​ផ្លូវ​ប្រកួត​មាន​ចម្ងាយ​ខ្លី ប៉ុន្តែ​មាន​ឧបសគ្គ​ច្រើន ធ្វើឱ្យ​ការប្រណាំង​កាន់តែ​ស្វិតស្វាញ​និង​ជក់ចិត្ត​។ កីឡាករ​រូបនេះ​បន្តថា នេះ​ជា​ឱកាស​មួយ​ដែល​ធ្វើឱ្យ​កីឡាករ​យានយន្ត​យើង​ទទួលបាន​បទពិសោធន៍​ថ្មីៗ និង​បង្កើន​
​បច្ចេកទេស​ឱ្យ​ខ្លាំង​បន្ថែមទៀត​ក្នុងការ​ប្រកួត​កម្រិតរ​ថយ​ន្ត​អន្តរជាតិ​នេះ​ផងដែរ​។ សម្រាប់​ប្រភេទ រថយន្ត​ប្រើ​សាំង គឺ​យើង​ធ្វើ​បានល្អ​ជាងគេ ដោយ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម ប្រភេទ​រថយន្ត​សាំង ដែល​សុទ្ធសឹងតែ​ជើង​ខ្លាំង​មក​បណ្តា​ប្រទេស​នានា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​មកពី​តំបន់​អាស៊ី​។​

ក្រុមកីឡា​ប្រណាំង​យានយន្ដ​កម្ពុជា​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ក្រុមការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ពុះពារ​ការលំបាក​គ្រប់ពេលវេលា​ទាំងអស់​ក្នុងអំឡុងពេល​ប្រកួត​ទាំង​ផ្តល់​សេវា​ថែទាំ​រថយន្ត ជាពិសេស​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ជា​ដៃគូ​ឧបត្ថម្ភ​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡា​យានយន្ត​ដែល​បាន​ឧបត្ថម្ភ​ផ្តល់​ការគាំទ្រ​កម្លាំងចិត្ត​សម្រាប់​ការចូលរួម​ប្រ​កួត​របស់​ក្រុមកីឡា​យានយន្ត​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យ​ដំណើរការ​ដោយ​រលូន​និង​ជោគ​​ជ័យ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ Asia Cross Country Rally 2022 នេះ មាន​ប្រាំបួន​ប្រទេស​ចូលរួម មាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និង​ប្រទេស​ថៃ​។ ជា​លទ្ធផល​ក្រុម​ប្រណាំង​កា​រ៉ា​កម្ពុជា ទទួលបាន​ចំណាត់​លេខ​១ លើ​ប្រភេទ​រថយន្ត​សាំង និង​លទ្ធផល​រថយន្ត​សរុប​ទាំង​សាំង និង​ម៉ា​ស៊ូ​ត ក្រុម​កា​រ៉ា លេខ​១១ ក្រុម​សា​យ៉ា​ម ប្រូ​តូ​ថា​យ លេខ​១២ ក្នុងចំណោម​រថយន្ត​សរុប​៣៤​គ្រឿង​៕​