​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា យ៉ាងហោច​ណាស់​មនុស្ស ១៩ នាក់​បាន​ស្លាប់ និង ២៤​នាក់​ផ្សេង​ទៀត​បាន​​រង​របួស​កាលពី​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា ដោយ​ការផ្ទុះ​គ្រាប់បែក​នៅ​សាលា​សាសនា​មួយ​ក្នុង​ទីក្រុង​អាយ​បាក់ (Aybak)​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​មានការ​បំផ្ទុះ​គ្រាប់បែក​និង​ការវាយប្រហារ​រាប់សិប​លើក​សំដៅលើ​ជន​ស៊ីវិល ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​វិល​ចូល​កាន់​អំណាច​វិញ​ក្នុង​ខែ​សីហា​ឆ្នាំ​មុន​ដែល​ភាគច្រើន​ត្រូវបាន​អះអាង​ទទួល​ខុស​​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS)​ក្នុងស្រុក​។​

​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​អាយ​បាក់ ស្ថិតនៅ​ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​រដ្ឋធានី​កា​ប៊ុល បាន​និយាយថា អ្នកស្លាប់​បាត់បង់​ជីវិត​ភាគច្រើន​ជា​មនុស្ស​វ័យក្មេង​។​

​លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់ AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា “​ពួកគេ​ទាំងអស់​គឺជា​កុមារ​និង​ជា​មនុស្ស​សាមញ្ញ​”​។​

​មន្ត្រី​ខេត្ត​ម្នាក់​បាន​បញ្ជាក់​ពី​ការផ្ទុះ​នៅ​សាលា​សាសនា​អ៊ីស្លាម អាល់ ជី​ហាដ (Al Jihad)​ប៉ុន្តែ​មិន​អាច​ផ្តល់​តួលេខ​ជនរងគ្រោះ​បាន​ទេ​។​

​ក្រុម​តា​លី​បង់ ដែល​ជារឿយៗ​សម្រាល​តួលេខ​ជនរងគ្រោះ​នោះ បាន​និយាយថា សិស្ស ១០ នាក់​បាន​ស្លាប់ និង “​ច្រើន​នាក់​ទៀត​” បាន​រងរបួស​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក អាប់​ឌុល ណា​ហ្វាយ តា​គរ (Abdul Nafay Takor)​បាន​សរសេ​រលើ Twitter ថា​”​អ្នក​ស៊ើបអង្កេត​និង​កងកម្លាំង​សន្តិសុខ​របស់​យើង​កំពុង​ធ្វើការ​យ៉ាង​ឆាប់​​រហ័ស​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ដែល​មិន​អាច​លើកលែង​ឱ្យ​បាន​នេះ ហើយ​ដាក់ទោស​ពួកគេ​ចំពោះ​សកម្មភាព​របស់​ពួកគេ​”​។​

​រូបភាព​និង​វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម ដែល​មិន​អាច​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​នោះ បានបង្ហាញ​ក្រុម​យុទ្ធជន​តា​លី​បង់​ដើរ​ឆ្លងកាត់​សាកសព​ដែល​រាយប៉ាយ​ពេញ​អគារ​មួយ​។​

​កន្ទេល​អធិស្ឋាន កញ្ចក់​ដែល​បែក​ខ្ទេចខ្ទី និង​កម្ទេចកម្ទី​ផ្សេងទៀត រាយប៉ាយ​នៅ​កន្លែងកើតហេតុ​។​

​វេជ្ជបណ្ឌិត​នៅ​ក្រុង​អាយ​បាក់​បាន​និយាយថា អ្នកជំងឺ​ដែល​រងរបួស​ធ្ងន់ធ្ងរ​មួយចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​មាន​បរិក្ខារ​ប្រសើរ​ជាង​នេះ​នៅ​ទីក្រុង ម៉ាហ្សា​អ៊ី​សារីហ្វ (Mazar-i-Sharif) ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១២០ គីឡូម៉ែត្រ​តាម​ផ្លូវគោក​។​

​លោក​បាន​និយាយថា “​អ្នក​ដែល​នៅទីនេះ​…​ភាគច្រើន​បាន​រងរបួស​ដោយសារ​អំបែង​គ្រាប់​និង​រលក​នៃ​ការផ្ទុះ​។ ពួកគេ​មាន​អំបែង​គ្រាប់​នៅលើ​ដងខ្លួន និង​មុខ​របស់​ពួកគេ​”៕