​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃ​ពុធ​បាន​ទៅ​ទស្សនា​ទីស្នាក់ការ​អង្គការ​អវកាស​អាម៉េរិក​ហៅថា ណា​សា និង​បាន​បញ្ជាក់​អំពី​សារសំខាន់​​នៃ​បទដ្ឋាន​ប្រតិបត្តិ​ក្នុង​ទី​អវកាស​នៅ​ពេល​លោក​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មួយ​ម​ក​កាន់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ពិភាក្សា​បញ្ហា​មួយចំនួន​ចាប់​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​រហូត​ដល់​ចិន ជាមួយ​ក្រុម​មេ​ដឹក​​នាំ​អាម៉េរិក​។​

​ការងារ​ដំបូង​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ការធ្វើដំណើរ​ទៅ​ទីស្នាក់ការ​ណា​សា​ជាមួយ​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស ដែល​បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ចសហការ​អវកាស​ដើម្បី​​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​និង​សន្តិសុខ​។​

​ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង និង​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស នៅ​ទីស្នាក់ការ​របស់​អង្គការ​ណា​សា​

​បើ​តាម​លោក​ម៉ា​ក្រុង​អវកាស​តំណាងអោយ​«​កន្លែង​ជម្លោះ​ថ្មី​មួយ​»​និង​វា​សំខាន់​សំរាប់​បារាំង​និង​អាម៉េរិក​ធ្វើ​កិច្ចសហការ​គ្នា​លើ​ការកំណត់​ក្បួនច្បាប់​និង​បទដ្ឋាន​ដោយសារ​តែ​វា​តំណាង​អោយ​តំលៃ​ប្រ​​ជា​ធិបតេយ្យ​រួម​និង​ការងារ​វិទ្យាសាស្ត្រ​ជាមួយគ្នា​។​«​យើង​មាន​អ្នកដើរតួ​ឆ្គួតៗ​នៅក្នុង​ទី​អវកាស​ផងដែរ ហើយ​យើង​ក៏​មាន​រដ្ឋ​អាក្រក់​នៅ​ទីនោះ ព្រមទាំង​យើង​មាន​ការវាយប្រហារ​កូនកាត់​ថ្មី​»​។​

​រំលឹកថា លោក​ម៉ា​ក្រុង​និង​ហារី​ស​បាន​ប្រកាស​កិច្ចសហការ​បារាំង​-​អាម៉េរិក​ថ្មី​លើ​វិស័យ​អវកាស​ក្នុងអំឡុងពេល​លោកស្រី​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ប៉ារីស​កាល​ពី​មួយ​ឆ្នាំមុន​។​

​បារាំង​បាន​ចូលរួម​ជាមួយ​អាម៉េរិក​និង​ប្រទេស​ជាច្រើន​ក្នុង​ការច្រានចោល​ការសាកល្បង​កាំជ្រួច​បំផ្លាញ​ផ្កាយរណប​បន្ទាប់​ពី​រុស្ស៊ី​សាកល្បង​បាញ់​កំទេច​ផ្កាយរណប​របស់ខ្លួន​មួយ​កាលពី​ឆ្នាំ​មុន​ដោយ​នាំអោយ​​បែក​កំទេច​ផ្កាយ​ក្នុង​ទី​អវកាស​និង​បង្ក​ការ​ថ្កោលទោស​ពី​អាម៉េរិក​និង​សម្ពន្ធមិត្ត​។​

​លោក​ម៉ា​ក្រុង​បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​សំរាប់​ដំណើរ​ផ្លូវ​រដ្ឋ​លើ​ក​ទី​ពីរ​របស់​លោក​នៅ​អាម៉េរិក​ចាប់តាំងពី​ការ​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០១៧ និង​ត្រូវ​រំពឹងថា​នឹង​ប្រឈម​ជា​មួយ​លោក​​ប្រធានាធិបតី ចូ បៃ​ដិន​លើ​បញ្ហា​ឧបត្ថម្ភ​ថ្មី​របស់​រដ្ឋាភិបាល​អាម៉េរិ​ក​សំរាប់​ឧស្សាហកម្ម​អាម៉េរិក ដែល​កំពុង​ធ្វើ​អោយ​ក្រុម​មេដឹកនាំ​អឺរ៉ុប​មួម៉ៅ​មិន​សប្បាយចិត្ត​ក្រោយ​ពួក​គេ​រង​ផល​អាក្រក់​ពី​ការ​ឈ្លាន​​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ក្នុង​ថ្ងៃ​ទីមួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មុន​លោក​ជួប​សម​ភាគី​អាម៉េរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ម៉ា​ក្រុង បាន​វាយប្រហារ​លើ​ម្ចាស់ផ្ទះ​អាម៉េរិក​ដោយបាន​ប្រាប់​ពួក​សមាជិកសភា​និង​ក្រុម​មេដឹកនាំ​ជំ​​នួញ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ថា ការឧបត្ថម្ភ​ឧស្សាហកម្ម​អាម៉េរិក​ជា​«​មហា​ឈ្លានពាន​លើ​ដៃ​គូ​ប្រកួតប្រជែង​អឺរ៉ុប​។ នេះ​ជា​ការបំពាន​ធំ​ណាស់​សំរាប់​ធុរជន​របស់​យើង​»​។​

មុនជួបសមភាគីអាម៉េរិកនៅថ្ងៃ១ធ្នូ លោកម៉ាក្រុងបានឆ្លៀតវាយប្រហារគោលនយោបាយរបស់គូសន្ទនាស្តីពីឧបត្ថម្ភធន

​មេដឹកនាំ​បារាំង​រូបនេះ​ចង់​សំដៅ​គោលនយោបាយ​នាំមុខ​របស់​បៃ​ដិនដែល​ហៅថា​”​ច្បាប់​កាត់បន្ថយ​អតិផរណា​»​ដែល​រដ្ឋាភិបាល​អាម៉េរិក​លៃ​ទុក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជះ​ចូល​ក្នុង​ឧស្សាហកម្ម​​មិន​ប៉ះពាល់​បរិស្ថាន​ដែល​ជា​ការគាំទ្រ​ខ្លាំង​ដល់​ឧស្សាហករ​តាំង​នៅ​អាម៉េរិក​។​

​ដំណើរ​របស់​ម៉ា​ក្រុង​កើតឡើង​ចំ​ពេល​រដ្ឋមន្ត្រី​ណា​តូ​ជួបប្រជុំ​នៅ​ទីក្រុង​ប៊ុយ​ការ៉េស​និង​បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែន​ដែល​កំពុងរង​ការវាយ​ប្រ​ហារ​ពី​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​​នៅពេល​រដូវរងារ​ចូលមក​ដល់​។​សម្ពន្ធភាព ដែល​រួមមាន​អាម៉េរិក​និង​បារាំង ក៏​បាន​ពិភាក្សា​របៀប​ដោះស្រាយ​ការ​ប្រឈម​បង្កឡើង​ដោយ​ការបង្កើន​កម្លាំងយោធា​ចិន និង​កិច្ចសហការ​របស់​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង​ជាមួយ​រុស្ស៊ី ។​

​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​ក៏​នឹង​ស្ថិត​ក្នុង​របៀបវារៈ​នៃ​កិច្ច​ពិភាក្សា​របស់​ម៉ា​ក្រុង​និង​មន្ត្រី​អាម៉េរិក​៕