​ដោយៈ​ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្តីពី​ករណី​រំលូត​គភ៌​ស្លាប់​ក្នុង​ផ្ទៃ អាយុ ១៨ សប្តាហ៍ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង (​ព្រៃទទឹង​) ស្ថិតក្នុង​ភូមិ​លៀក ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​ក្រសួងសុខាភិបាល បានប្រកាសថាៈ ក្រោយពី​ទទួលបាន​ព័ត៌មាន តាម​ការចុះផ្សាយ ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម ស្ដីពី​មាន​ហេតុការណ៍​រំលូត​គភ៌​ក្នុង​ផ្ទៃ​ស្ត្រី ដែលមាន​ឈ្មោះ សឿន ស្រីអូន អាយុ ២២​ឆ្នាំ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង (​ព្រៃទទឹង​) ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​លៀក ឃុំ​ព្រះ​និ​ពាន្ធ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ភ្លាមៗ​នោះ ក្រសួងសុខាភិបាល បាន​ចាត់​បញ្ជូន ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង ដោយ​រួមសហការ​ជាមួយ អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​កើតហេតុ បណ្តាលមកពី​ការ​រំលូត​គភ៌​ក្នុង​ផ្ទៃ​ស្ត្រី​ខាងលើ ដែល​ក្រសួងសុខាភិបាល សូមបញ្ជាក់​ជូន ដូចខាងក្រោម​នេះ​៖

១. ក្រសួង មានការ​សោកស្តាយ ជា​ពន់ពេក​នូវ​ហេតុការណ៍​រំលូត​គភ៌​ក្នុង​ផ្ទៃ​អាយុ ១៨ សប្តាហ៍ របស់​ស្ត្រី​ដែលមាន ឈ្មោះ​ខាងលើ នៅ​មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង ដោយ​មន្ទីរ​សម្រាក​ព្យាបាល​នេះ មានការ​ធ្វេសប្រហែស បានអនុញ្ញាត​ឱ្យ​ឆ្មប ដែលមាន ការបណ្តុះបណ្ដាល ចេញ​ជា​ឆ្មប​មែន តែ​ឆ្មប​រូបនេះ នៅ​មិនទាន់​ទទួលបាន​ការបណ្តុះ បណ្ដាល​បន្ថែម ស្តីពី​ការ រំលូត​គភ៌​នៅឡើយ ដែល​ការអនុវត្ត​នេះ ខុសពី​បច្ចេកទេស គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ជាពិសេស​ការណែនាំ​បច្ចេកទេស ពី​មជ្ឈមណ្ឌល​ជាតិ គាំពារ​មាតា និង​ទារក និង​បទដ្ឋាន​គតិយុត្ត​នានា​របស់​ក្រសួង និង​ពី​គណៈ​វិជ្ជាជីវៈ​ឆ្មប ។ បច្ចុប្បន្ននេះ ស្ត្រី​រងគ្រោះ កំពុងតែ​សម្រាក​ព្យាបាល និង​ជួយ សង្គ្រោះ​អាយុជីវិត ដោយ​យកចិត្តទុកដាក់​បំផុត ពី​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ដោយមាន​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ជួយ​គាំទ្រ​ដល់​ការព្យាបាល ទាំងស្រុង​ពី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផងដែរ​។​

២. តាមរយៈ​ការពិនិត្យ និង​ស្រាវជ្រាវ នា​ថ្ងៃ​ដដែល ខាងលើនេះ ក្រសួង​ក៏បាន​សម្រេច បិទ​ជា​បណ្តោះអាសន្ន មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ តាមច្បាប់​ជា​ធរមាន នូវ​ហេតុការណ៍ ដែល​បាន​កើតឡើង គួរឱ្យ​សោកស្តាយ ជាទីបំផុត​នេះ​។​

៣. ក្រសួង តម្រូវឱ្យ​មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្គ្រង ដែលមាន​អាសយដ្ឋាន​ខាងលើ ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន លើ​បាតុភាព ដែល​បាន​កើតមានឡើង ដែល​បណ្តាលមកពី ការធ្វេសប្រហែស​របស់​ខ្លួន​។​

៤. ចំពោះ​ករណី​ឆ្មប ដែល​បាន​អនុវត្ត​ការ​រំលូត​គភ៌​ក្នុង​ផ្ទៃ អាយុ ១៨ សប្តាហ៍ របស់​ស្ត្រី ខាងលើនេះ ក្រសួង​ក៏បាន​ចាត់​ឱ្យ​គណៈ​វិជ្ជាជីវៈ​ឆ្មប ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត ជាបន្ទាន់ ផងដែរ ដោយ​អនុលោម​តាមច្បាប់ គ្រង់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ដែលមាន ជា​ធរមាន​។ គណៈ​វិជ្ជាជីវៈ​ឆ្មប ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់ខ្លួន បាន​ស្រាវជ្រាវ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឆ្មប់ យ៉ាង​ល្អិតល្អន់ ហើយ​បានសម្រេច​ដាក់ទណ្ឌកម្ម ខាង​វិន័យ ទៅលើ​ឆ្មប​ឈ្មោះ អ៊ុង ធា​រិ​ន ដោយ​ផ្អាក​ការប្រកប​វិជ្ជាជីវៈ​ឆ្មប ជា​បណ្ដោះអាសន្ន (​រយៈពេល ២ ឆ្នាំ​) យោងតាម​មាត្រា​ទី​១៥ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យ​សុខាភិបាល​។​

​សារជាថ្មី​ម្តងទៀត ក្រសួងសុខាភិបាល មានការ​សោកស្តាយ​យ៉ាងខ្លាំង នូវ​ហេតុការណ៍ ដែល​បាន​កើតមានឡើង លើ​ករណី​ស្ត្រី​ខាងលើនេះ និង​សូម​ប្រសិទ្ធិ​ពរ ជូន​ដល់​ក្មួយ​ស្រី សឿន ស្រីអូន សូមឱ្យ​ឆាប់​បានជា​សះស្បើយ​៕/V​