ដោយៈ ទេព មង្គល​/ ភ្នំពេញៈ នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជម្រាប ជូន​អភិបាល នៃ​គណៈ​អភិបាល រាជធានី ខេត្ត​ តាមរយៈ​លិខិត​មួយច្បាប់ ដែលមាន​កម្មវត្ថុ​ស្ដីពី ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង​ការផ្តល់សេវា​សុខាភិបាល នៅក្នុង​មូលដ្ឋាន សុខាភិបាល​ឯកជន​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​ជ្រាបថាៈ ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ​ក្រើនរំលឹក ជា​បន្តបន្ទាប់ ដល់​មូលដ្ឋាន​សុខាភិបាល ឯកជន ស្តីពី​ការគ្រប់គ្រង​ការប្រកប​វិជ្ជាជីវៈ​ក្នុង វិស័យ​សុខាភិបាល​។ ប៉ុន្តែ​ក្រសួង សង្កេត ឃើញថា មូលដ្ឋាន​សុខាភិបាល មួយចំនួន ពុំទាន់​បាន​គោរព ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ស្ដីពី​ការគ្រប់គ្រង អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យ​សុខាភិបាល ច្បាប់​ស្តីពី​ការគ្រប់គ្រង លើ​ការប្រកប​វិជ្ជាជីវៈ​ឯកជន ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ក្នុង​ការផ្តល់សេវា​សុខាភិបាល ជូន​ដល់​អ្នកជំងឺ នៅក្នុង​មូលដ្ឋាន សុខាភិបាល​ឯកជន​។​

​ក្នុងន័យនេះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​សូមឱ្យ​អភិបាល នៃ​គណៈ​អភិបាល រាជធានី ខេត្ត ធ្វើការ​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ឱ្យ​ចុះ​ត្រួតពិនិត្យ តាមដាន និង​ចាត់វិធានការ យ៉ាង​ម៉ឹងម៉ាត់​បំផុត ចំពោះ​អ្នកផ្តល់​សេវា សុខាភិបាល និង​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល ឯកជន ទាំងឡាយណា ដែល​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ច្បាប់​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រកប​វិជ្ជាជីវៈ​ឯកជន ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ក្រមសីលធម៌​វិជ្ជាជីវៈ របស់ខ្លួន​។​

​អាស្រ័យហេតុនេះ សូម​អភិបាល នៃ​គណៈ​អភិបាល រាជធានី ខេត្ត ណែ​នាំឱ្យ​មន្ទីរ​សុខា ភិ​បាល ពង្រឹង​ក្នុង​ការផ្តល់សេវា​សុខាភិបាល នៅក្នុង​មូលដ្ឋាន​សុខាភិបាល​ឯកជន តាមច្បាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕/V