​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​បណ្តា​កាសែត​និង​សារព័ត៌មាន​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ធ្នូ​នេះ​បាន​ចេញ​ផ្សាយ​ជា​ទំរង់​ពណ៌​ស​ខ្មៅ​នៅពេល​ទង់ជាតិ​ត្រូវបាន​បង្ហូត​ពាក់កណ្តាល​ដង ដើម្ប​ជា​ការកាន់​​ទុក្ខ​សព​អតីត​ប្រធានាធិបតី ជាង ហ្សេ​មីន​(Jiang Zemin)​ដែល​ការ​លាចាក​លោក​របស់​លោក​នាំអោយ​មាន​ការ​អាឡោះអាល័យ​អំពី​យុគសម័យ​កាន់តែ​មាន​សេរី​និង​រីកចំរើន​ដែល​លោក​បាន​គ្រប់​​គ្រង​ប្រទេស​។​

​ទូរទស្សន៍​ចិន​CCTV​ចាក់ផ្សាយ​រូប​លោក​ជាង ហ្សេ​មីន ជាមួយនឹង​ផ្ទៃ​ជុំវិញ​ពណ៌​ខ្មៅ​

គេហទំព័រនៃ​សារព័ត៌មាន​ស៊ីន​ហួរ​ចុះ​ផ្សាយដំណឹង​ជា​ទំរង់​ពណ៌​ស​ខ្មៅ​នៅ​ថ្ងៃ​១​ធ្នូ​

​លោក​ជាង បាន​ស្លាប់​នៅ​អាយុ​៩៦​ឆ្នាំ នៅ​ទីក្រុង​កំណើត​សៀង​ហៃ​របស់លោក​កាលពី​រសៀល​ថ្ងៃ​ពុធ ដោយ​ជំងឺ​មហារីក​គ្រាប់​ឈាម​និង​ខូច​សរីរាង្គ​ខាងក្នុង​ជាច្រើន​។​

​ពេលវេលា​និង​គណៈកម្មាធិការ​បុណ្យសព​របស់​លោក​ត្រូវ​បាន​ចាត់ចែង​ឡើង​។​

​កាសែត​បក្ស​កុំម្មុយនីស្ត People’s Daily​បាន​ចំណាយ​ទំព័រមុខ​របស់​ខ្លួន​ទាំងមូល​ចំពោះ​លោក​ជាង ដោយ​ដាក់​រូបលោក​ដ៏​ធំ​ជាមួយនឹង​វ៉ែនតា​ដែល​ជា​និម្មិត​រូប​របស់​លោក​ជាមួយនឹង​ចំណងជើង​ថា​«​សម​មិត្ត​ជា​ទីស្រឡាញ់ ជាង ហ្សេ​មីន នឹង​មិន​ត្រូវ​បំភ្លេច​បាន​ឡើយ​»​។​

​ទង់ជាតិ​ក៏​ត្រូវ​បាន​បង្ហូត​ត្រឹម​ពាក់កណ្តាល​ដង​នៅតាម​អាគារ​រដ្ឋ​នានា​ព្រមទាំង​ស្ថានទូត​ចិន​នៅ​បរទេស នៅពេល​គេហទំព័រ​សារព័ត៌មាន​ចិន​នានា​ក៏​ប្រែ​ទៅជា​ព័ណ៌​ស​ខ្មៅ​។​

​តែ​បណ្តា​រដ្ឋាភិបាល​បរទេស​គណបក្ស​ន​យ​បាយ​និង​«​ឥស្សរជន​»​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នឹង​មិន​ត្រូវបាន​អញ្ជើញ​អោយ​បញ្ជូន​គណៈប្រតិភូ​ឬ​តំណាង​មក​ចិន​ដើម្បី​ចូលរួម​​សកម្មភាព​បុណ្យ​សព​នេះ​ទេ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ស៊ីន​ហួរ​។​

​ទោះជា​យ៉ាងណា បណ្តា​រដ្ឋាភិបាល​បរទេស រួម​ទាំង​អាម៉េរិក​និង​ជប៉ុន​បាន​ចូលរួម​សម្តែង​មរណទុក្ខ​។​

​ទង់​ជាតិចិន​ត្រូវបាន​បង្ហូត​ពាក់កណ្តាល​ដង​នៅ​តាម​អាគារ​រដ្ឋ​ចិន​ក្រោយ​មរណភាព​របស់​លោក ជាង ហ្សេ​មីន

​នៅ​ការិយាល័យ​រដ្ឋ​និង​ក្រុមហ៊ុន​ធំៗ​នៅ​ចិន និយោជិត​ត្រូវ​បាន​ស្នើ​អោយ​ស្លៀកពាក់​ពណ៌​ខ្មៅ​និង​ផ្អាក​សកម្មភាព​ជួបជុំ​សប្បាយ​រយៈពេល​ដប់​ថ្ងៃ​។​

​ការស្លាប់​របស់​លោក​ជាង​កើតឡើង​ចំពេល​ចិន​ជួប​ការតវ៉ា​ប្រឆាំង​តាម​ដងផ្លូវ​ដ៏​កម្រ​និង​ទូទៅ​ពី​ចំណោម​ពួក​អ្នកស្រុក​ដែល​មិន​សប្បាយចិត្ត​នឹង​វិធានការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​ដ៏​តឹងតែង​និង​យូរ​ជាង​​គេ​ពេក​នៅក្នុង​លោក​។​ចិន​ក៏​កំពុង​ជាប់​ក្នុង​ភាព​ប្រទាញប្រទង់​ជាមួយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​អំពី​បញ្ហា​ចាប់ពី​ការ​គំរាម​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់ រហូត​ដល់​ពាណិជ្ជកម្ម​និង​បញ្ហា​សិទ្ធិមនុស្ស​៕