ដោយ: ពៅនិមល / ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១ ដល់១០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្រាប់ប្រេងសាំងធម្មតា ឃើញថាធ្លាក់ថ្លៃចំនួន ១៥០ រៀល រីឯប្រេងម៉ាស៊ូត មានការធ្លាក់ថ្លៃ រហូត ៣៥០ រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ បង្ហាញនៅ ព្រឹកថ្ងៃទី១ ខែធ្នូនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថាៈ ការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈ ក្នុងរយៈពេល ១០ ថ្ងៃនេះ សម្រាប់ប្រេងសាំងធម្មតា មានតម្លៃ ៤.២០០ រៀល និងប្រេងម៉ាស៊ូត មានតម្លៃ ៤.៦៥០ រៀល នៅក្នុង ១លីត្រ។

ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនេះដែរ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ៕/V-PC